ដោយ : គង់ សូរិយា
ភ្នំពេញ : ទីបំផុតដំណើរការឈានទៅបុកគ្រឹះសាងសង់ អាគារពាណិជ្ជកម្មភ្លោះខ្ពស់ជាងគេក្នុងតំបន់បានចាប់ផ្តើមហើយ ជាមួយនឹងការរៀបចំការិយាល័យធ្វើការ និងការនាំចូលនូវគ្រឿងសំណង់នានាចូលក្នុងការដ្ឋាននេះ។
លោកសាស្រ្តាចារ្យ ទួស សាភឿន មន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និងជាស្ថាបត្យករចូលរួមគូរប្លង់អាគារដ៏ខ្ពស់នេះ បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការសាងសង់ជញ្ជាំងបុកគ្រឹះទប់ដី គ្រោងចំណាយពេល១៦ខែ ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់ឲ្យបានចប់មុនកាលកំណត់ ស្របពេលការរៀបចំឧបករណ៍គ្រឿងចក្រពីប្រទេសចិនកំពុងដំណើរការ ប៉ុន្តែមិនទាន់នាំមកដល់កម្ពុជានៅឡើយទេ ប៉ុន្តែនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា “ការនាំគ្រឿងសំណង់ចូលការដ្ឋានសាងសង់ ដែលស្ថិតនៅអតីតសួនកំសាន្តឌ្រីមលែនដ៏បានធ្វើរួចហើយ ហើយយើងកំពុងរៀបចំការិយាល័យសម្រាប់ការងារបច្ចេកទេសបានធ្វើរួចហើយ”។លោកបន្តថា “ជាមួយនេះយើងក៏បានសិក្សាការដ្ឋាននិងទីតាំងត្រូវសាងសង់អាគារនេះចប់រួចរាល់ផងដែរ”។
ប៉ុន្តែទោះជាយ៉ាងណាលោកមិនទាន់បញ្ជាក់ឲ្យដឹង ពីការបើកការដ្ឋានសាងសង់អាគារនេះនៅពេលណានៅឡើយទេ។
លោកសាស្រ្តាចារ្យ ទួស សាភឿន បានឲ្យដឹងទៀតថា តាមគំរោងអាគារនេះនឹងសាងសង់កំពស់៥៦១ម៉ែត្រ និងមានអង់តែនកំពស់២៨ម៉ែត្របន្ថែមទៀត ដែលធ្វើឲ្យអាគារនេះក្លាយជាអាគារពាណិជ្ជកម្មភ្លោះ កប់ពពកខ្ពស់ជាងគេក្នុងតំបន់អាស៊ាន និងពិភពលោក ព្រោះរហូតមកទល់ពេលនេះបណ្តាប្រទេសនានា បានសាងសង់អាគារខ្ពស់កប់ពពក មានលក្ខណៈជាអាគារទោលប៉ុណ្ណោះ។លោកបន្តថា តាមការសិក្សាជាថ្មី ការចំណាយសាងសង់អាគារនេះ នឹងកើនទឹកប្រាក់ជាង៣០០០លានដុល្លារអាមេរិក និងថវិកាប្រមាណ៣០០០លានដុល្លារទៀត នឹងត្រៀមសម្រាប់ជួយធ្វើឲ្យអាគារលំដាប់ពិភពលោកនេះដំណើរការដោយរសរវើក បន្ទាប់ពីសាងសង់ចប់និងដាក់ឲ្យដំណើរការ។