ដោយ : គង់ សូរិយា
ភ្នំពេញ : ថ្នាក់ដឹកនាំនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia បានទទួលជោគជ័យពីដំណើរទស្សនកិច្ចសិក្សា ជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន Century21 នៅប្រទេសចិន។
ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមពីថ្ងៃទី១១ ដល់១៨ មិថុនានេះ ដោយថ្នាក់ដឹកនាំក្រុមហ៊ុន Century21 Cambodiaបានទៅទស្សនកិច្ចនៅខេត្តស៊ាមិន ទីក្រុងហាងចូវ ទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងទី១៨ មិថុនានេះថា ដំណើរទស្សនកិច្ចសិក្សាស្វែងរកការសហការ ដើម្បីចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននៃប្រទេសទាំងពីរ និងទាក់ទាញការវិនិយោគពីប្រទេសចិនមកកម្ពុជា ទទួលបានជោគជ័យយ៉ាងខ្លាំង ព្រោះយើងទទួលបាននូវការចែករំលែកបទពិសោធន៍ និងឳកាសផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជាកាន់តែច្រើនដល់អ្នកវិនិយោគ និងក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសចិន។
អ្នកនាងបន្តថា “យើងមិនត្រឹមតែអាចទទួលបានបទពិសោធន៍នោះទេ ប៉ុន្តែយើងក៏បានរៀនសូត្រពីអាថ៌កំបាំងនៃភាពជាអ្នកដឹកនាំ និងអាថ៌កំបាំងនៃភាពជោគជ័យក្នុងការដឹកនាំក្រុមហ៊ុនផងដែរ”។អ្នកនាងបន្តថា “ក្រុមហ៊ុនមួយដែលជោគជ័យ មិនអាស្រ័យលើកេរ្ត៍ឈ្មោះក្រុមហ៊ុននោះទេ តែក៏អាស្រ័យលើភាពជាអ្នកដឹកនាំ និងភាពជាអ្នកគ្រប់គ្រងល្អផងដែរ”។
poP
ក្រុមហ៊ុន Century21 ត្រូវបាននាំចូលទៅកាន់ប្រទេសចិនរយៈពេល២៨ឆ្នាំមកហើយ និងបច្ចុប្បន្នមានការិយាល័យសរុបជិត១០ម៉ឺន ការិយាល័យនៅទូទាំងប្រទេសចិន។
អ្នកនាង Grace Rachny Fong បានបន្តថា “ដំណើរទស្សនកិច្ចនេះ គឺជាឳកាសសម្រាប់ប្រទេសទាំងពីរ អ្នកវិនិយោគប្រទេសទាំងពីរ អាចស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរថែមទៀតនាពេលអនាគត”៕