ដោយ : វុត្ថា
ភ្នំពេញ : រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្ម ទ្វេរភាគីឲ្យឈានដល់៦ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ខាងមុខ ស្របតាមផែនការថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញនាពេលកន្លងមក។
នៅក្នុងសេចក្តីប្រកាសព័តមានរបស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ចិន នៅរាជធានីភ្នំពេញ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ GAO YAN អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន ភាគីទាំងពីរ បានអបអរចំពោះកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧កន្លងទៅ ដែលសម្រេចបានប្រមាណ៥,៨០០លានដុល្លារអាមេរិក គឺកើនឡើង២១,៨% បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ៤,៧៦០លានដុល្លារ។
ភាគីទាំងពីបានរំលេចអំពីវឌ្ឍនភាពសំខាន់ៗ នៃវិស័យពាណិជ្ជកម្មទ្វេភាគីលើការងារទាក់ទងនឹងបញ្ហាអនាម័យ និងភូតគាមអនាម័យ ដែលស្ថិតជារបាំងបច្ចេកទេស រាំងស្ទះការធ្វើពិពិធកម្មការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនដែលរួមមាន៖ ផ្លែឈើ និងផលដំណាំផ្សេងទៀត។ ភាគីចិននឹងពិចារណាក្នុងការបង្កើនការទិញផលិតផលបន្ថែមពីកម្ពុជា រួមទាំងការទិញអង្ករផងដែរ សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីកាត់បន្ថយអតុលុ្យភាពនៃជញ្ជីងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិន ដែលកន្លងមកតែងជួយគាំទ្រ ការអនុវត្តគម្រោងនានារបស់រដ្ឋាភិបាលកម្ពុជា និងបានកៀងគរវិនិយោគិនឲ្យចូលមកបណ្តាក់ទុននៅកម្ពុជា ក្រោមក្របខណ្ឌផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ ក្នុងបំណងចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
លោកជំទាវ GAO YAN អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានសន្យានឹងធ្វើការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ សំដៅស្វែងរកដំណោះស្រាយបញ្ហានានា ជូនវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាល៕