តើរដ្ឋាភិបាលយកខេត្តណាខ្លះជាប៉ូលសេដ្ឋកិច្ចជាតិ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : រដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសយកខេត្តបី ដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់ធ្វើជាបូឡសេដ្ឋកិច្ចរបស់ប្រទេស ដើម្បីរៀបចំផែនការ និងចក្ខុវិស័យអភិវឌ្ឍន៍ឲ្យមានភាពសមស្រប ទាក់ទងនឹងស្ថានភាពភូមិសាស្រ្ត ក៏ដូចជាសក្តានុពលសេដ្ឋកិច្ច ដែលអាចទាញយកមកប្រើប្រាស់បាន។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសកំណត់យកខេត្តចំនួនបី ជាប៉ូលសេដ្ឋកិច្ចកម្ពុជា មុនពង្រីកទៅកាន់បណ្តាខេត្តមានសក្តានុពលដទៃទៀត។ សម្តេចបន្តថា កម្ពុជាបានកំណត់នូវប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន៣ ដែលជាប៉ូលសំខាន់សម្រាប់ជំរុញកំណើសេដ្ឋកិច្ចជាតិ មានដូចជាទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ហើយនៅពេលខាងមុខកម្ពុជា នឹងពង្រីកប៉ូលសេដ្ឋកិច្ចបន្ថែមនៅតំបន់ភូមិភាគឥសាន ដូចជានៅ ខេត្តមណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង និងព្រះវិហារជាដើមដែលខេត្តទាំងអស់នោះជាប្រភព នៃដំណាំកសិឧស្សាហកម្ម និងផលិតផលផ្សេងទៀត។

សម្តេចតេជោបន្តថា “ក្នុងខេត្តព្រះសីហនុ ក្រៅពីតំបន់ទេសចរណ៍ឆ្នេរសមុ​ទ្រដែល មានភាពទាក់ទាញនោះ នៅខេត្តព្រះសីហនុក៏មានកំពង់ផែទឹកជ្រៅដ៏សំខាន់មួយ សម្រាប់ធ្វើការផ្លាស់ប្តូរទំនិញពីបរទេសមកកម្ពុជា និងពីកម្ពុជាទៅបរទេសផងដែរ”។ សម្តេចបន្តថា “កម្ពុជានឹងបង្កើតកំពង់ផែទឹកជ្រៅបន្ថែមទៀតនាពេលខាងមុខ ដែលនឹងបង្កើតឡើងក្នុងស្រុងស្ទឹងហាវ ខេត្តព្រះសីហនុ និងសមុទ្រខេត្តកំពតផងដែរ”។

ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា ប៉ូលសេដ្ឋកិច្ច ទាំងបីពិតជាមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ និងមានភាពទាក់ទាញ​ខុសៗគ្នា ដោយខេត្តសៀមរាបមានការដាក់ចេញ នូវខ្សែក្រវ៉ាត់បៃតងកាលពីឆ្នាំ២០០៨ ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់ជុំវិញរមណីយដ្ឋានអង្គរ ទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍។ ចំណែកខេត្តព្រះសីហនុ ស្ថិតក្នុងតំបន់ K4 ដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ផងដែរ ពិសេសការវិនិយោគលើ​ហេដ្ឋារចនាសម្ព៍ន្ឋរបស់រដ្ឋាភិបាល ជាការទាក់ទាញការវិនិយោគពីសំណាក់អ្នក​វិនិយោគជាតិ និងអន្តរជាតិ។ លោកបន្តថា “រាជធានីភ្នំពេញ ជាបេះដូងនៃកម្ពុជាដែលមានសក្តានុពលចម្រុះ ហើយគំរោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ជាការជម្រុញភាពទាក់ទាញបន្ថែមទៀត សម្រាប់រាជធានីនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here