អាកាសយានដ្ឋានអន្តរជាតិនានានៅកម្ពុជាចាប់ផ្ដើមមានសកម្មភាពមមាញឹកឡើងវិញបណ្តើរៗ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ ស្ថានភាពអាជីវកម្មដែលរងផលប៉ះពាល់ក៏ចាប់ផ្ដើមប្រែក្លា​យ​​​ជាមមាញឹកឡើងវិញ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ដែលធ្លាប់តែស្ងប់ស្ងាត់ ក៏ចាប់ផ្ដើមមានសកម្មភាពឡើងវិញផងដែរ ។នេះបើតាមការបញ្ជាក់របស់មន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា។

តាមការសង្កេតជាក់ស្ដែង សកម្មភាពជើងហោះហើរចេញ និងចុះចត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឃើញថា ពិតជាមានសកម្ម​ភាពមមាញឹកឡើងវិញពិតប្រាដកមែន ខណៈក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតក៏បាន និងកំពុងដាក់សំណើរទៅកាន់អាកាសចរណ៍ស៊ីវិល ដើម្បីបើកដំណើរការហោះហើរឡើងវិញ និងក្រុមហ៊ុនខ្លះទៀតក៏សុំពង្រីកជើងហោះហើររបស់ខ្លួនផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានខ្លីមួយ របស់អកាសយានដ្ឋានអន្តរជាតិកម្ពុជាឱ្យដឹងថា នៅថ្ងៃទី៣ ខែធ្នូឆ្នាំ ២០២១ អាកាសយានដ្ឋា​នអន្តរជាតិភ្នំពេញ បានទទួលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗក្នុងពិភពលោកមួយចំនួន ចុះចតនៅលើអាកាសយានដ្ឋាន។ ហើយភាពមមាញឹកបែបនេះ យើងខានឃើញយូរដែរហើយ ។

មិនខុសពីការរំពឺងរបស់អ្នកជំនាញទេសចរណ៍កម្ពុជា នាពេលកន្លងមកថា ក្រោយពេលរាជរដ្ឋាភិបាលប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច និងបើកឱ្យភ្ញៀវទេសចរវ៉ាក់សាំង ចូលមកដោយមិនធ្វើចត្តាឡីស័ក នឹងជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា មានសកម្មភាពកម្រើកឡើងវិញជាក់ជាមិនខាន។ ប្រតិបត្តិករទេសចរណ៍ជាច្រើនក៏បានត្រៀមខ្លួន ក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា ក្នុងនោះអាជីវកម្មទេសចរណ៍តូចតាច បានបើកដំណើរការឡើងវិញភ្លាមៗក្រោយពីមានសេចក្ដីប្រកាស តែសម្រាប់អាជីវកម្មខ្នាតធំត្រូវការពេលវេលាដើម្បីរៀបចំដំណើរការអាជីវកម្មរបស់ខ្លួន ។

រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញឱ្យមានការបើកជើងហោះហើរត្រង់ឡើងវិញ រវាងកម្ពុជានិងប្រទេសនានា ក្នុងតំបន់អាស៊ាន ខណៈជើងហោះហើរ ត្រូវបានផ្អាកអស់រយៈពេលជាង១ឆ្នាំ ដោយសារតែកូវីដ១៩។ ការបើកជើងហោះហើរត្រង់ឡើងវិញ ជាបន្តបន្ទាប់នេះដែរ ក៏នឹងនាំភ្ញៀវទេសចរវ៉ាក់សាំងមកកម្ពុជាកាន់តែច្រើន ជាមួយនឹងកំណើនវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនវិនិយោគលើវិស័យនានាឡើងវិញ ស្ដារនិងជំរុញ សេដ្ឋកិច្ចកម្ពុជាឱ្យត្រលប់ទៅរកភាពដើមនៅពេលឆាប់ៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here