សម្តេចតេជោនឹងទស្សនកិច្ចនៅមីយ៉ាន់ម៉ាដើម្បីពង្រឹងអាស៊ានឡើងវិញ

0

ដោយៈគង់ សូរិយា

        ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាននៅឆ្នាំ២០២២បានថ្លែងថា មានលទ្ឋភាពច្រើន ដែលសម្តេចនឹងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពង្រឹងក្របខ័ណ្ឌសហគមន៍អាស៊ានឡើងវិញ។

ថ្លែងចេញពីខេត្ដព្រៃវែង ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថាសម្តេចអាចនឹងអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយ លោកមីង អោងឡាំងមេដឹកនាំប្រទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ខាងមុខនេះ។

មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិ នយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយ រយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឱ្យអាស៊ានបាត់បង់កុងសង់ស៊ីស នៅក្នុងការ សម្រេចក្នុងកិច្ចប្រជុំកន្លងមក។

សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា “លទ្ធភាពជាច្រើនខ្ញុំនឹងទៅទស្សនកិច្ចនៅណៃពិដោ ដើម្បីជួបឧត្តមសេនីយ៍ មីង អោងឡាំង ធ្វើការជាមួយគាត់ បើមិនឱ្យធ្វើការជាមួយនឹងអ្នកកាន់អំណាច។សម្តេចបានបន្តដោយលើកជាសំណួរថា តើយើងទៅធ្វើការជាមួយអ្នកណាពិតប្រាកដ ចង់ផ្តល់ជំនួយ ឫចង់ធ្វើការជាមួយរដ្ឋបាលស្អីៗ គេគ្រប់គ្រងប្រទេស […] យើងមិនប្រៀបធៀបអ្នកកាន់អំណាចនៅណៃពិដោ ប្រធានរដ្ឋបាលនៅណៃពិដោ គឺឯកឧត្តម មីង អោងឡាំង ដូចទៅនឹងអាហ្គានីស្ថាន តាលីបង់ទេ ក៏ប៉ុន្តែជាសមាជិកគ្រួសារអាស៊ាន ត្រូវតែមានសិទ្ធក្នុងការចូលរួមប្រជុំ ប្រជុំរដ្ឋមន្ត្រីការពារជាតិក៏ប្រជុំ រដ្ឋមន្ត្រីទាំងអស់ តែចំឡែកត្រង់ថារដ្ឋមន្ត្រីការបរទេសគេមិនឱ្យចូល វាពិបាកអាកន្លែងនឹង ចឹងមើលទុកឱ្យ ហ៊ុន សែន ធ្វើម្តង

សម្តេចតេជោបន្តថា សម្តេចនឹងអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយលោ​កមីង អោងឡាំង គឺមិននិយាយអ្វីក្រៅឆ្ងាយពីអ្វីដែលជាគោលការណ៍ រួមរបស់អាស៊ាននោះទេ ហើយក៏ជាគោលការណ៍ធម្មនុញ្ញអាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គេ គឺមិនអាចទៅហួសពីនេះបានទេ ហើយក៏មិនត្រូវយករូបមន្ត អង្គការសហប្រជាជាតិ យកមកដាក់ជារូបមន្តរបស់អាស៊ានគឺមិនត្រឹមត្រូវទេ។

សម្តេចតេជោហ៊ុន សែនបានបន្ថែមថា “ពេលនេះជាពេលវេលាដែលត្រូវពង្រឹងអាស៊ានឡើងវិញពីអាស៊ាន១០ ទៅអាស៊ាន៩ ឥលូវនេះត្រូវទៅអាស៊ាន១០វិញ ពី​ព្រោះ មីយ៉ាន់ម៉ា មិនបានប្រកាសផ្តាច់ខ្លួនចេញពីអាស៊ាននោះទេ ហើយក្នុងធម្មនុញ្ញអាស៊ាន ក៏មិនមានអ្នកណាមានសិទ្ធដេញសមាជិកចេញនោះទេ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កម្ពុជាសមាជិកថ្មីរបស់អាស៊ាន ប៉ុន្តែសមាជិកចាស់មិនប្រាកដចាស់ទេ ដោយសារមានមេដឹកនាំថ្មី ដោយឡែកសមាជិកថ្មី មិនប្រាកដថាថ្មីទេ ដោយសារមេដឹកនាំចាស់ សូម្បីតែព្រះចៅស៊ុលតង់ ព្រុយណេ ក៏បានទទួលស្គាល់ថា ក្រៅពីព្រះអង្គ មានតែនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេដែលចាស់ទុំនោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here