ដោយៈវឌ្ឍនៈ
ភ្នំពេញៈ គម្រោងសាងសង់ស្ពានតភ្ជាប់ពីព្រែកប្រា ខណ្ឌច្បារអំពៅទៅកាន់ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ និងមិនទាន់កំណត់ថានឹងចាប់ផ្ដើមសាងសង់ នៅពេលណាមួយនៅឡើយទេ។
ប៉ុន្តែមន្ត្រីសាធារណការបានបញ្ជាក់ថា ការសិក្សាចប់ពេលណានឹងចាប់ផ្ដើមសាងសង់ពេលនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ នៅស្ពានក្បាលថ្នល់ ព្រះមុនីវង្ស។
លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៧ ធ្នូនេះថា វាជាគម្រោងមួយ ដែលជំរុញឱ្យសក្ដានុពលនៃការរស់នៅ រវាងប្រជាជននៅសង្កាត់ព្រែកប្រា និងសង្កាត់ចាក់អង្រែខណ្ឌមានជ័យ កាន់តែមានសន្ទុះមួយកម្រិតទៀត ពីព្រោះថាបច្ចុប្បន្ននេះ យើងមានតែស្ពានមួយប៉ុណ្ណោះ ដែលតភ្ជាប់ពីខាងរាជធានីភ្នំពេញ ទៅកាន់ផ្លូវជាតិលេខ១ច្បារអំពៅ ។
លោកបន្តថា“បើសិនជារដ្ឋាភិបាលតភ្ជាប់ផ្លូវនេះ នៅពេលណា កំនើន នៃការអភិវឌ្ឍលំនៅឋាននៅទិសខាងលិច និងខាងកើតកាន់តែមានច្រើនថែមទៀតជាពិសេសបុរី ប៉េងហួតដែលនៅតំបន់ផ្លូវ៦០ម៉ែត្រ នឹងពង្រីកសក្ដានុពលបន្ថែមទៀត”។លោកបន្តថា “ប្រជាជនក៏កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្លូវលេខ១។ អ្នកតាខ្មៅក៏មិនចាំបាច់ទៅឆ្លងនៅស្ពានព្រែកសំរោងដែរ អាចមកឆ្លងនៅស្ពានថ្មី បើសិនជារដ្ឋាភិបាលសាងសង់រួចរាល់”។
ដូច្នេះការតភ្ជាប់ស្ពាននេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាវិនិយោគិនជាដើម ។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ក៏បានឱ្យដឹងថាយ៉ាងខ្លីថា គម្រោងសាងសង់ស្ពាននេះ កំពុងតែសិក្សានៅឡើយ ហើយក៏មិនទាន់ដឹងថា វានឹងបញ្ចប់នៅពេលណាដែរ។ ដូច្នេះចំពោះប្រវែង ទំហំស្ពាន និងការចំណាយទឹកប្រាក់ក្នុងការសាងសង់ ក៏មិនទាន់បានដឹងដូចគ្នា។
លោកបន្តថា “នៅពេលយើងសិក្សាចប់ យើងនឹងដាក់សំណើររដ្ឋាភិបាល ហើយនឹងកំណត់ថានឹងសាងសង់នៅពេលណាហើយ សម្រាប់ពេលនេះ យើងមិនអាចនិយាយអ្វីបាននៅឡើយចំពោះគម្រោងនេះ”។
ជាមួយគ្នានេះ លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីសប្តាហ៍មុនថា ការសាងសង់ស្ពាននេះ ត្រូវបានលើកឡើងដោយឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងឱកាសលោកអមដំណើរសម្តេចតេជោសម្ភោធស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារកាលពីពេលថ្មីៗនេះ៕