ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនធំមួយរបស់សហរដ្ឋអាមេរិក កំពុងស្វែងរកឱកាសវិនិយោគដាំដើមប្រេងខ្យល់នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារអាមេរិក។

ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនធំមួយរបស់សហរដ្ឋអាមេរិក កំពុងស្វែងរកឱកាសវិនិយោគដាំដើមប្រេងខ្យល់នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទីផ្សារអាមេរិក។

ក្នុងជំនួបជាមួយលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក និងសហការី បានបង្ហាញពីគោលបំណង ដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។

លោកនាយកក្រុមហ៊ុន បានស្នើសុំការណែនាំពីលោករដ្ឋមន្រ្តីអំពីដំណើរការនៃការវិនិយោគ លើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។
លោកវេង សាខុន បានស្វាគមន៍ចំពោះគោល បំណងអំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងទីផ្សារអន្តរាជាតិ រួមទាំងទីផ្សារអាមេរិកផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីវេង សាខុនបានជូនយោបល់ក្រុមហ៊ុនថាលើចំណុចសំខាន់ៗមួយចំនួនដូចជា ទី១ ក្រុមហ៊ុនអាចស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឲ្យអស់សក្តានុពល បង្កើនផលិត ភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន។ទី២- ធ្វើការសហការវិនិយោគលើការដាំឈើឡើង នៅតាមស្ថានីយ៍ផ្សព្វផ្សាយនិងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ។

លោករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុន ធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ។ ដោយឡែក ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នឹងរង់ចាំសហការ និងគាំទ្រលើគម្រោងនេះ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសម្រេចទទួលបានជោគជ័យ៕