ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្នុងពេលដែលវិបត្តិជំងឺកូវីដ១៩នៅក្នុងប្រទែសកម្ពុជា ត្រូវបានមើលឃើញថា មានស្ថានភាពធូរស្រាល បណ្ដាវិនិយោគិនក្នុងក៏បានចាប់ផ្ដើមធ្វើសកម្មភាព វិនិយោគអចលនទ្រព្យជាបណ្ដើរៗ ខណៈវិនិយោគិនបរទេស ក៏ត្រូវបានរំពឹងថានឹងត្រលប់មកកម្ពុជា ក្នុងពេលឆាប់ៗនេះដែរ។
តើវិនិយោគិនក្នុងស្រុកគួរត្រៀមខ្លួនបែបណា ក្នុងការចូលប្រឡូកក្នុងវិស័យអចលនវត្ថុកម្ពុជា បន្ទាប់ពីវិបត្តិនឹងត្រូវបញ្ចប់នៅពេលឆា់បៗ។
លោកវ៉ា វីរៈ គ្រូបង្វឹកនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី១៣ធ្នូ២០២១នេះឱ្យដឹងថា វិបត្តិកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានបង្ហាញសញ្ញាកាន់តែល្អ ជាក់ស្ដែង ដូចយើងបានឃើញស្រាប់ហើយអ្នកជំងឺឆ្លងថ្មីៗ ត្រូវបានប្រកាសកាន់តែមានចំនួនតិច ដូច្នេះហើយវាឱកាសដ៏ល្អ សម្រាប់អ្នកវិនិយោគក្នុងការចាប់សម្រាប់បណ្ដាក់ទុនវិនិយោគ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។
លោកបន្តថា “មុននឹងសម្រេចចិត្តវិនិយោគ អ្នកវិនិយោគគួរតែគោលដៅ និងគោលបំណងរបស់ខ្លួនច្បាស់លាស់ជាមុនសិន បន្ទាប់មកទៀតត្រូវសម្លឹងមើលទៅលើទីផ្សារ ថាតើតំបន់ដែលគាត់គ្រោង នឹងវិនិយោគមានសក្ដានុពលទៅលើអ្វី ហើយត្រូវនឹងផ្នែកដែលគាត់គ្រោងនឹងដាក់ទុនដែរ”។លោកថា “មុននឹងវិនិយោគអ្វីមួយ គឺត្រូវមើលទៅលើផ្លូវដូចជាផ្លូវគោក ផ្លូវសម្រាប់រថយន្ត ផ្លូវរថភ្លើង ផ្លូវទឹកនិងផ្លូវអាកាសជាដើម ។តំបន់ណាដែលមានផ្លុវទាំងនោះ នឹងមានការអភិវឌ្ឍច្រើន ហើយក្រៅពីនេះ ត្រូវមើលទៅលើ ប្រព័ន្ធទឹកភ្លើង មានប្រព័ន្ធអ៊ីនធើណេត សេវាទូរសព្ទជាដើម”។
លោកបន្ថែមថា អ្នកវិនិយោគ គួរតែសម្លឹងទៅលើទីផ្សារនៅពេលអនាគតនៅក្នុងតំបន់ ដែលខ្លួនគ្រោងនឹងវិនិយោគផងដែរ ។ ទាំងនេះគឺជាអ្វីដែលវិនិយោគិនអចលនទ្រព្យ គួរគិតគូរពិចារណា ក្នុងការសិក្សាមុននឹងសម្រេចចិត្តវិនិយោគ ។
អ្នកជំនាញ អចលនទ្រព្យកម្ពុជាជាច្រើន បានបង្ហាញជាទស្សនៈ ចំពោះការវិនិយោគអចលនទ្រព្យនៅកម្ពុជា ដែលអាចនឹងកើនឡើងវិញនៅក្នុងពេលឆាប់ៗនេះ ក្រោយពីប្រមុខរាជរដ្ឋាភិបាលប្រកាស បើកប្រទេសបើកឱ្យអ្នកដំណើរ មកពីប្រទេសចូលមកកម្ពុជា ស្វែងរកការវិនិយោគក៏ដូចជាទេសចរវ៉ាក់សាំងជាដើម។
វិនិយោគិនក្នុងស្រុករំពឹងថា វិនិយោគិនបរទេស នឹងចូលមកកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ ជាពិសេសវិនិយោគិនជនជាតិចិន ដែលជាវិនិយោគិន ដែលមានសក្ដានុពល ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈគម្រោងតភ្ជាប់ជើងហោះហើរត្រង់ ពីគោលដៅនានាក្នុងប្រទេសចិនមកកម្ពុជា ក៏គ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះដែរ៕