ដោយ: ម៉ាលីស
ព្រះសីហនុ: លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការចុះពិនិត្យទីតាំងស្នើសុំ សាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិកាលពីថ្ងៃទី១៤ ធ្នូកន្លងមកនេះ ផ្នែកពាក់ព័ន្ឋបានបញ្ជាក់ថា ទីតាំងកំពង់ផែនេះ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ដោយបានកាត់ចំណីព្រែកប្រវែង៣០ម៉ែត្ររួចហើយ។ ចំណែកឯម្ចាស់សំណើបានអះអាងថា នឹងចូលរួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ក្នុងការការពារ និងអភិរក្សតំបន់ព្រៃលិចទឹក នៅតាមព្រែកកំពង់ស្មាច់នេះផងដែរ ដើម្បីប្រយោជន៍ដល់វិស័យទេសចរណ៍ សម្រាប់អ្នកស្រុកព្រៃនប់។
បច្ចុប្បន្នទីតាំងនេះ មានព្រៃលិចទឹកជាច្រើនប្រភេទ មានព្រៃកោងកាងចម្រុះ ដូចជា កោងកាង ក្បាញ បើស ឈើជ័រ ។ល។ ស្ថិតនៅក្រៅដែនគម្របព្រៃឈើឆ្នាំ២០០២ ។
លោកគួច ចំរើន បានគាំទ្រគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ព្រោះកំពង់ផែនេះ អាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន បម្រើឱ្យវិស័យទេសចរណ៍ ជាពិសេសប្រជានេសាទ ក្នុងសហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិព្រៃលិចទឹក នៅក្នុងតំបន់នេះឱ្យនៅគង់វង្ស។
ការបង្កើតកំពង់ផែទេសចរណ៍នេះ មានផលប្រយោជន៍ជាច្រើនចំពោះសេដ្ឋកិច្ច ក៏ដូចជាប្រជានេសាទក្នុងសហគមន៍មូលដ្ឋាន ពួកគាត់អាចយកផលនេសាទ ផលវារីវប្បកម្ម និងកសិផលផ្សេងៗមកលក់ជូនភ្ញៀវទេសចរ ។ ម្យ៉ាងទៀតបងប្អូន ប្រជានេសាទក្នុងសហគមន៍ ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរទៅទស្សនកិច្ចតំបន់ព្រៃលិចទឹក នៅតាមដងព្រែកបានផងដែរ។
លោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ ដល់លោកឧកញ៉ាជាម្ចាស់សំណើ ត្រូវធ្វើការសិក្សាពីបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន នៃគម្រោងសាងសង់ផែទូកទេសចរណ៍នេះ ដោយធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិ ឱ្យនៅកម្រិតទាបបំផុត។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងក្រុមការងារជំនាញ ក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពល ធនធានធម្មជាតិដ៏សម្បូរបែប និងសម្រស់ទាក់ទាញភ្ញៀវទេសចរ នៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ ដែលជាតំនប់អូកូទេសចរណ៍ធម្មជាតិ សម្រាប់សហគមន៍ និងប្រជាពលរដ្ឋស្រុកព្រៃនប់ អាចបង្កើតមុខរបរជាច្រើនបន្ថែមទៀត ពីវិស័យទេសចរណ៍គ្មានផ្សែងនេះផងដែរ ។
ផ្អែកតាមរបាយការណ៍របស់ក្រុមការងារជំនាញបានឱ្យដឹងថា ការសាងសង់ផែទូកទេសចរណ៍ ជាលក្ខណៈផែទូកតូចៗ ពុំបង្កឱ្យស្ទះដល់រំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ។ ដោយឡែកតំបន់នេះ រឹតតែធ្វើឱ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស មកលេងកម្សាន្តនៅតំបន់នេះ កាន់តែច្រើននាពេលខាងមុខ៕