ដោយៈសុខុម
សេអ៊ូល: ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ ថា ខ្លួននឹងប្រមូលដើមទុនឱ្យបានប្រមាណ៤៧០លានដុល្លារអាមេរិក តាមរយៈការលក់ដីមួយកន្លែង ដើម្បីស្ដារស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនអំឡុងវិបត្តិកូវីដ-១៩។
ក្រុមហ៊ុននេះនិយាយថា នៅថ្ងៃសុក្រ ទី២៤ ធ្នូ នេះខ្លួននឹងចុះកិច្ចព្រមព្រៀងលក់ដី និងអគារស្ថិតក្នុងសង្កាត់ Songhyeon-dong កណ្តាលក្រុងសេអ៊ូល ឱ្យទៅក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅដ្ឋានសាធារណៈ Korea Land and Housing Corp. (LH)។
តាមការរំពឹងទុកថា ការលក់ដី នឹងអាចជួយសម្រាលការលំបាកផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង មួយនេះបានមួយកម្រិតធំ។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីផែនការ ដើម្បីលក់ដីនៅទំនេររបស់ខ្លួន ក្នុងក្រុងសេអ៊ូល និងទ្រព្យសកម្មមិនសូវសំខាន់មួយចំនួនទៀត ស្របពេលមានការកើនឡើងនូវភាពមិនប្រាកដប្រជា ក្នុងឧស្សាហកម្មអាកាសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩។
ក្រុមហ៊ុន Korean Air បានទិញយកដីក្នុងសង្កាត់ Songhyeon-dong ខាងលើនេះ ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Samsung Life Insurance ក្នុងឆ្នាំ២០០៩ ហើយគ្រោងនឹងអភិវឌ្ឍវា ទៅជាបណ្ដុំអគារវប្បធម៌។
ប៉ុន្តែគម្រោងអភិវឌ្ឍន៍នេះ បានប្រឈមនឹងឧបសគ្គជាច្រើន ដូចជា ការរឹតបន្តឹងលើកម្ពស់អគារ និងវិធានស្ដីពីការអភិរក្សសម្បត្តិវប្បធម៌ ព្រោះដីនេះ មានទីតាំងស្ថិតនៅជិតការិយាល័យ ប្រធានាធិបតីCheong Wa Dae និងរាជវាំង Gyeongbok Palace ដែលជាសម្បត្តិវប្បធម៌ ដ៏មានតម្លៃបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង៕ Korea Times៕