NBC ៖ វិស័យសំណង់និងអចលនទ្រព្យរំពឹងថានឹងមានកំណើនឡើងសន្សឹមៗក្នុងឆ្នាំ២០២២នេះ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ បើតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចវិស័យធនាគារឆ្នាំ២០២១និងទស្សនវិស័យឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា វិស័យសំណង់និងអចលនទ្រព្យរំពឹងថានឹងកើនឡើងជាសន្សឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរទុនវិនិយោគមកកម្ពុជា។

ធនាគារជាតិបង្ហាញថា នៅក្នុងឆ្នាំ២០២២នេះ សេដ្ឋកិច្ចពិភពលោកក៏រំពឹងថានឹងបន្តងើបឡើងវិញក្នុងល្បឿនខុសគ្នា អាស្រ័យលើប្រសិទ្ធភាពនៃការការពារការរាតត្បាតជំងឺកូវីដ១៩ និងវិធានការគាំទ្ររបស់រាជរដ្ឋាភិបាល។
ជាមួយនឹងបើកសេដ្ឋកិច្ចឡើងវិញ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលរួមមានពាណិជ្ជកម្មដុំរាយ ទូរគមនាគមន៍និងការដឹកជញ្ជូននិងទេសចរក្នុងស្រុក រំពឹងថាកើនឡើងជាលំដាប់ ខណៈទេសចរអន្តរជាតិអាចកើនសន្សឹមៗ និងទាមទារពេលវេលានិងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យវិស័យនេះ មានកំណើនដូចគ្រាមុនវិបត្តិ ។

ផ្អែកលើទស្សនវិស័យមួយចំនួនរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថាបន្តងើបឡើងបន្ថែមទៀត ក្នុងអត្រាប្រមាណ៥ភាគរយ នៅក្នុងឆ្នាំ២០២២។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យក៏បានបង្ហាញជាទស្សនថា តាមរយៈសកម្មភាពសេដ្ឋកិច្ចនៅចុងឆ្នាំ២០២១កន្លងទៅនេះ រំពឹងថានៅក្នុងឆ្នាំ២០២២ វិស័យមួយចំនួននឹងត្រលប់ទៅរកភាពដើមវិញ ក្នុងនោះសំណង់និងអចលនទ្រព្យក៏ឃើញថាចាប់ផ្ដើមមានសកម្មភាពសាងសង់ ហើយវិនិយោគិនក្នុងស្រុកធំៗជាច្រើនក៏បាននិងកំពុងសម្លឹងរកមើលពីឱកាសវិនិយោគក្នុងឆ្នាំថ្មីនេះដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំ២០២០និង២០២១ វិនិយោគិនបរទេសចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគមានចំនួនតិចតួច ហើយវិនិយោគិនក្នុងស្រុកបានដើរតួនាទីសំខាន់ក្នុងការបណ្ដាក់ទុនវិនិយោគលើវិស័យសំណង់។ នៅឆ្នាំ២០២២និងឆ្នាំបន្តបន្ទាប់ វិស័យនេះនឹងកាន់តែរឹងមាំថែមទៀត ជាមួយកំណើនវិនិយោគិនក្នុងស្រុកចូលរួមបណ្ដាក់ទុនវិនិយោគលើសំណង់និងអចលនទ្រព្យ ។

លោកក៏រំពឹងថា ក្នុងឆ្នាំ២០២២នេះវិនិយោគិនបរទេសជាពិសេសចិននឹងចូលមកវិញបន្តិចម្ដងៗ ហើយនឹងជំរុញឱ្យវិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជាចាប់ផ្ដើមរើបៗឡើងវិញជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here