ដោយៈគង់ សូរិយា
ភ្នំពេញៈ ខណៈភាពមិនច្បាស់លាស់បន្តកើតមាន ដោយសារការរីករាលដាលមេរោគអូមីក្រុង អ្នកជំនាញអចលនទ្រព្យ បានស្នើឲ្យប្រជាពលរដ្ឋគួរពិចារណាលើរឿងសំខាន់ៗចំនួនពីរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១២ មករានេះថា ក្នុងស្ថានភាពពេលនេះ សកម្មភាពវិនិយោគទិញលក់ ក្នុងវិស័យអចលនទ្រព្យ មិនទាន់រងផលប៉ះពាល់ខ្លាំងនៅឡើយទេ ប៉ុន្តែលំហូរទុនវិនិយោគពីបរទេសនឹងបន្តជាប់គាំង។
-->
លោកបន្តថា “ក្នុងកាលៈទេសៈបែបនេះ អ្នកវិនិយោគគួរតែបន្តវិនិយោគ ប៉ុន្តែត្រូវរក្សាលុយខ្លះ ដើម្បីទប់ទល់ស្ថានភាពគាំងលំហូរសាច់ប្រាក់”។ លោកបន្តថា “យើងមិនគួរផ្តោតលើបញ្ហាច្រើនពេកទេ តែគួរផ្តោតលើការដោះស្រាយបញ្ហាទើបប្រសើរេះជាង”។

លោកច្រឹក សុខនីមបានបន្តថា យើងត្រូវប្រុងប្រយ័ត្ន បើទោះជាស្ថានភាពជារួម នៅតែមិនទាន់រងផលប៉ះពាល់ខ្លាំងក្តី តែផលអវិជ្ជមានតិចតួចប្រាកដជាកើតមាន។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងស្ថានភាពដែលមិនមានភាពច្បាស់លាស់បែបនេះ ទាមទារឲ្យមានការចូលរួមជួយពីក្រុមហ៊ុនអភិវឌ្ឍន៍ និងពីរដ្ឋាភិបាល តាមរយៈការលើកលែងពន្ឋមួយចំនួនបន្តទៀត ខណៈរដ្ឋាភិបាលបានជួយលើវិស័យ ដែលបានរងផលប៉ះពាល់ជាច្រើនរួចមកហើយ។
អ្នកស្រីបន្តថា “ប្រឈមនឹងភាពមិនច្បាស់លាស់ និងមិនអាចព្យាករណ៍បានពីអនាគត ដោយសារការរីករាលដាលជំងឺអូមីក្រុង ប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នទាក់ទងនឹងការចំណាយ គួរចំណាយអ្វីដែលគួរចំណាយ និងមិនគួរចំណាយលើអ្វីមិនគួរចំណាយនោះទេ”។

ទោះជាយ៉ាងណាលោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAMATAK Property Serviceបានសម្តែងសុទិដ្ឋិនិយមជាងនេះ ដោយបានមានប្រសាសន៍ថា ជំងឺកូវីដប្រភេទអូមីក្រុង មិនមានសភាពធ្ងន់ធ្ងរពេកទេ វាមិនទាន់បានសម្លាប់មនុស្សច្រើនទេ ហេតុនេះយើងមិនគួរជ្រួលច្របល់ច្រើនពេកឡើយ។
អ្នកស្រីបន្តថា “ខ្ញុំជឿថាជំងឺនេះនឹងបញ្ចប់នៅពេលឆាប់ៗនេះ ហេតុនេះប្រជាពលរដ្ឋគួរតែសាំនឹងវាហើយ តែយើងត្រូវបន្តពាក់ម៉ាស់ លាងដៃនឹងអាកុល និងអនុវត្តន៍វិធានការណ៍បីកុំ និងបីការពាររបស់រដ្ឋាភិបាល”៕