ប្រធានCVEAអះអាងថា ខេត្តចំនួន៧នឹងមានចរន្តទិញលក់អចលនទ្រព្យសកម្មនៅឆ្នាំនេះ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកច្រឹក សុខនីមបានអះអាងថា ខេត្តសំខាន់ៗចំនួន៧ នឹងមានសកម្មភាពអភិវឌ្ឍ ការទិញលក់អចលនទ្រព្យសកម្មជាងគេ នៅឆ្នាំនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១២ មករា​កន្លងមកថា ខេត្តសៀមរាប កំពង់ស្ពឺ កំពត កែប កណ្តាល មណ្ឌលគិរី និងខេត្តព្រះសីហនុ នឹងមានសកម្មភាពវិនិយោគ លើការទិញលក់ច្រើនដោយសារកត្តាសំខាន់ៗជាច្រើន រួមមានគោលនយោបាយរបស់រដ្ឋាភិបាល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ទីតាំងភូមិសាស្រ្ត និងកត្តាជាច្រើនទៀត។

លោកបានពន្យល់ថា “ទោះបីកម្ពុជារងផលប៉ះពាល់តិចតួច ពីរលកនៃជំងឺកូវីដ អូមីក្រុងក្តី ប៉ុន្តែសកម្មភាពអាជីវកម្ម សេដ្ឋកិច្ចចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញ អ្នកវិនិយោគចាប់ផ្តើមអភិវឌ្ឍន៍បុរី លំនៅដ្ឋាន ការទិញ លក់ និងប្រាក់ចំណូ​លរបស់ប្រជាពលរដ្ឋមានការកើនឡើង ពិសេសមានការគាំទ្រពីវិស័យធនា​គារ និងហិរញ្ញវត្ថុ គឺជាកត្តាសំខាន់ ដែលធ្វើឲ្យសេដ្ឋកិច្ចដំណើរការល្អ”។

លោកច្រឹក សុខនីមបានបន្តថា រដ្ឋាភិបាលជាអ្នកដើរមុន ព្រោះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយរុញរោងចក្រ សហគ្រាសចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តជាច្រើន”។ លោកបន្តថា “ជាក់ស្តែងយើងឃើញបច្ចុប្បន្ននេះមានរោងចក្រសហគ្រាសជាច្រើន បានចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ពិសេសផ្លូវជាតិលេខ៤៤ តភ្ជាប់មកកាន់ផ្លូវជាតិលេខ៥១ និងបណ្តាញផ្លូវសំខាន់ៗជាច្រើនទៀត”។

លោកបានបន្តថា ការដែលរោងចក្រ សហគ្រាសចេញពីរាជធានីភ្នំពេ​ញ ហើយជ្រើសរើសខេត្តកំពង់ស្ពឺជាមូលដ្ឋានផលិតកម្ម មិនមែនជារឿងចៃដន្យទេ ប៉ុន្តែដោយសារកត្តាភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋគាំទ្រ ព្រោះខេត្តកំពង់ស្ពឺ មានចម្ងាយជិតនឹងក្រុងព្រះសីហនុ និងមានហេដ្ឋារចនាសម្ព័ន្ឋសម្បូរបែប ដែលងាយស្រួលក្នុងការតភ្ជាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here