រដ្ឋមន្ត្រីថាមពលៈ កម្ពុជាប្ដេជ្ញាចិត្តមិនអនុញ្ញាតឱ្យមានគម្រោងរោងចក្រដុតធ្យូងថ្មថ្មីនោះទេ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដើម្បីចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ នៅលើពិភពលោក កម្ពុជាបានប្ដេជ្ញាចិត្តនឹងមិនរៀបចំ គម្រោងរោងចក្រដើរដោយថាមពលធ្យូងថ្មទៀតនោះទេ។

ប៉ុន្តែកម្ពុជានឹងស្វែងរកប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូល និងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថ្លែងនៅក្នុងវេទិកាទស្សនៈថាមពលអាស៊ានកាលពីពេលថ្មីៗនេះ។

លោកបន្តថា កម្ពុជាក៏នឹងកែច្នៃគម្រោងមុនៗ ដែលប្រើប្រាស់ឥន្ធនៈផូស៊ីល ឱ្យមានលក្ខណៈស្អាតជាងមុន ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា ការចាប់យកកាបូន ការប្រើប្រាស់និងស្តុកកាបូន ឬបច្ចេកវិទ្យាអ៊ីដ្រូសែនជាដើម ។

លោកស៊ុយ សែមបានបន្តទៀតថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានគឺជាបញ្ហាគួរឱ្យបារម្ភ របស់តំបន់និងពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោក មានសភាពកាន់តែធ្ងន់ធ្ងរ និងកាន់តែញឹកញាប់ លើសពីអ្វី ដែលយើងធ្លាប់បានជួបប្រទះនាពេលកន្លងមក។

លោកបន្តថា “ក្នុងបរិបទនេះ ទោះបីជាមានភាពចាំបាច់ ក្នុងការបង្វែរទិសដៅ អាទិភាពគោលនយោបាយនិងធនធាន ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ នៅតែជារបៀបវារៈមួយសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ប៉ុន្តែការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ត្រូវការប្រើប្រាស់ថាមពលជាចាំបាច់”។

លោកស៊ុយ សែមបានបន្ថែមថា ដើម្បីឱ្យសេដ្ឋកិច្ចសង្គមរីកចម្រើន យើងត្រូវការការផ្គត់ផ្គត់ថាមពលមួយដែលគ្រប់គ្រាន់ មានស្ថិរភាព មាននិរ​ន្តរភាព និងសន្តិសុខ។ ក្នុងនាមជាភាគី នៃអនុសញ្ញាបម្រែបម្រួលអាកាសធាតុ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ កម្ពុជាបានដាក់ដំដល់នូវសេចក្ដីប្ដេជ្ញាចិត្ត ក្នុងការចូលរួមថ្នាក់ជាតិរបស់ខ្លួនកាលពីឆ្នាំ២០១៥ និងដាក់របាយការបច្ចុប្បន្នភាព ស្ដីពីការចូលរួមចំណែករបស់ជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ជូនទៅលេខាធិការដ្ឋានស្ដីពីការប្រែប្រួលអាកាសធាតុ ។

បើតាមក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ប្រភពថាមពលដែលកម្ពុជាកំពុងប្រើប្រាស់បច្ចុប្បន្ននេះ មានដូចជាវារីអគ្គិសនី ប្រភពរោងចក្រដុតធ្យូងថ្ម ប្រភពនាំចូលពីប្រទេសជិតខាង ប្រភពថាមពលដែលបានមកពីរោងចក្រដើរប្រេងខ្មៅ និងថាមពលកកើតឡើងវិញ ( សូឡា) ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here