ដោយៈគង់ សូរិយា
កែបៈ គំរោងអភិវឌ្ឍន៍សំខាន់ៗចំនួន៥ បាននិងកំពុងបន្តដំណើរការសាងសង់ នៅក្នុងខេត្តកែប ទោះបីស្ថិតក្នុងវិបត្តិកូវីដ១ ដែលគេរំពឹងថា ខេត្តនេះនឹងពង្រីកបាននូវសក្តានុពលបន្ថែមទៀត ក្រោយពេលវិបត្តិនេះបញ្ចប់។
អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានចុះពិនិត្យវឌ្ឍនភាពនៃគំរោងទាំងនោះ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បើទោះបីស្ថិតក្នុង ដំណាក់កាលរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ខេត្តនៅបន្តគម្រោងអភិវឌ្ឍន៍តាមផែនការដដែល ដោយគម្រោងអភិវឌ្ឍន៍ជាច្រើន របស់ខេត្ត បាននិងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹក ដូចជា គម្រោងផ្សាររាត្រី(ខាងត្បូងផ្សារក្តាម) កំពុងផែរទេសចរណ៍កោះទន្សាយ កំណាត់ផ្លូវអ៊ុតកៅស៊ូ AC ,ផ្លូវDBST និងផ្លូវបេតុងជាច្រើនខ្សែនៅទូទាំងខេត្ត ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២នេះ គឺជាគម្រោងទីលានចាក់សម្រាម ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
-->

លោកបន្ថែមថា “ការដ្ឋានសាងសង់ទីលានចាក់ សម្រាមទំហំ៨ហិចតានេះ នឹងជួយឱ្យខេត្តកែប មានទីតាំងទុកដាក់សំរាម ប្រកបដោយស្តង់ដា និងអាចគ្រប់គ្រងបរិស្ថានបានកាន់តែល្អប្រសើរ ក្នុងការកែលម្អរសោភ័ណភាពខេត្ត និងរក្សាបាននូវ និរន្តរភាពបរិស្ថាន ជាខេត្តដែលមាន ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។
លោកសោម ពិសិដ្ឋបានបញ្ជាក់ថា “ដើម្បីបំពេញសម្បទាជាខេត្ត គោលដៅទេសចរណ៍ សម្រាកលំហែរប្រណីតកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកែប បានធ្វើការយ៉ាងជិតស្និតជាមួយគណ:កម្មការអន្តរក្រសួង ក្នុងការកសាងផែនការ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំជាបន្តបន្ទាប់ ដើម្បីជាត្រីវិស័យឆ្ពោះទៅការអភិវឌ្ឍខេត្តប្រកបដោយចិរភាព និងនិរន្តភាព សំដៅទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោក”។

ប្រធានសាងសង់គម្រោងទីលាន ចាក់សម្រាម នៅខេត្តកែប លោក ទិត្យ ទីគា បានអោយដឹងថា គម្រោងសាងសង់ទីលាននេះ បានដំណើរការតាំងពីចុងខែឧសភា ឆ្នាំ២០២០មកម្លេះ រហូតមកដល់ពេលនេះ គម្រោងសាងសង់សម្រេចបាន៧៥%ហើយ ។ លោកបន្ថែមថា ជំហានទីមួយ គឺធ្វើការសាងសង់ផ្លូវបេតុង ប្រវែង៣៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ។

ជំហានទី២ គឺសាងសង់ អាងស្ទុកសម្រាមចំនួន៣ មកដល់ពេលនេះសម្រេចបានបីអាងហើយ ក្រៅពីនេះមានការងារសាងសង់អាគារញ៉ែកសម្រាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសម្រាមផងដែរ ។ លោកប្រធានគម្រោងបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សម្រាមនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខ ហើយគ្រោងសាងសង់រួចទីលាននេះ និងអាចស្ទុកសម្រាមបានរយៈពេល២០ឆ្នាំ។
ក្រសួងរៀបចំដែនដី តាមរយៈការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាក៏បាននិងកំពុងរៀបចំឆ្នេរមាសដ៏ធំមួយ នៅក្នុងខេត្តកែបផងដែរ ដែលបច្ចុប្បន្នគំរោងនេះ ត្រូវបានចាក់ដីបំពេញរួចហើយ នៅឡើយតែការចាក់ខ្សាច់ និងសោភ័ណភាព៕