ដោយ៖ វឌ្ឍនៈ
កំពត ៖ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុងបូកគោក្នុងខេត្តកំពត ឃើញថាមានការទាក់ទាញនិងចាប់អារម្មណ៍ពីសំណាក់វិនិយោគក្នុងការបណ្ដាក់ទុនវិនិយោគទៅលើវិស័យនានាជាច្រើននៅក្នុងទឹកដី នៃក្រុងថ្មីមួយនេះ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យប្រចាំខេត្តកំពតបានបញ្ជាក់ស្រដៀងគ្នាថា សកម្មភាពនៃការវិនិយោគនៅក្នុងក្រុងថ្មីនៃខេត្តកំពត បាននិងកំពុងចាប់ផ្ដើមជាបណ្ដើរៗហើយ ដោយមានគម្រោងតូចធំជាច្រើនបាននិងចាប់ផ្ដើមអនុវត្ត ជាពិសេស ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញកាលពីពេលថ្មីៗកន្លងទៅនេះ។
លោកសុខ គែន នាយកក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate បានឱ្យដឹងថា ការបង្កើតក្រុងថ្មីនៅខេត្តកំពតវាជាសញ្ញាល្អមួយសម្រាប់ការវិនិយោគនៅក្នុងក្រុងបូកគោ ដោយយើងឃើញបានគម្រោងវិនិយោគឯកជាច្រើនចាប់ផ្ដើមបោះទីតាំងវិនិយោគនៅទីនោះ ហើយភាគច្រើនយើងមើលឃើញថាជាគម្រោងអភិវឌ្ឍន៍ជាផ្ទះលំហែ សម្រាប់គាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្តកំពត។
លោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុនKW Cambodia ប្រចាំខេត្តកំពតក៏បានឱ្យដឹងផងដែរថា ក្រោយពេលរដ្ឋបាលក្រុងបូកគោបានលេចរូបរាងជាផ្លូវការ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងថ្មីមួយនេះ ក៏បាននិងកំពុងមមាញឹក ដែលជាសញ្ញាល្អសម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យ ហើយអ្នកវិនិយោគក៏កាន់តែមានភាពងាយស្រួល។ ជាងមុនទៅទៀត ដោយសារតែការកាត់ឈ្មោះ ការផ្ទេរកម្មសិទ្ធិនានា មិនចាំបាច់ឡើងមកដល់រដ្ឋបាលក្រុងកំពត ឬស្រុកផ្សេងឡើយ អាចកាត់ត្រឹមក្រុងបូកគោនៅជិតនោះបាន។
លោកបន្តថា បច្ចុប្បន្ននេះ យើងឃើញមានគម្រោងជាច្រើនចាប់ផ្ដើមដំណើរការជាបន្តបន្ទាប់ ដោយវិនិយោគិនដែលមានដីធំៗ ចាប់ផ្ដើមកែប្រែដីរបស់ខ្លួន អភិវឌ្ឍន៍ទៅជាគម្រោងនានា ដោយខ្លះអភិវឌ្ឍន៍ទៅជាដីឡូត៏លំហែនិងគម្រោងរោងចក្រឧស្សាហកម្ម ជាច្រើនទៀត។
លោកថា”នៅពេលខាងមុខនេះ ក្រុងបូកគោនឹងកាន់តែទាក់ទាញ ការវិនិយោគបន្ថែមទៀត ស្របពេលក្រុមហ៊ុនធំៗរបស់វិនិយោគិននៅក្នុងស្រុក ជាច្រើនក៏បានចាប់ផ្ដើមអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ ”៕