ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ តម្រូវការការិយាល័យទំនើបនៅរាជធានីភ្នំពេញ ពិសេសការិយាល័យនៅតាមបណ្ដាគារខ្ពស់ៗមានការហក់ឡើងខ្លាំង ដោយសារកំនើននៃការវិនិយោគ និងក្រុមហ៊ុនថ្មីៗបង្កើតឡើងកាន់តែច្រើន។
កញ្ញាលីម សុខាដាវីន ប្រធានផ្នែគលក់នៃក្រុមហ៊ុន FURI Real Estate បានលើកក្នុងពិធីដាក់លក់ការិយាល័យកម្រិត A Plus របស់ខ្លួនដែលស្ថិតនៅក្នុងអាគារThe Peakកាលពីរាត្រីថ្ងៃទី២១ កញ្ញាកន្លងមកថា សព្វថ្ងៃតម្រូវការការរិយាល័យបែបប្រណីត តាមអាគារខ្ពស់ៗ មានកំណើនជាខ្លាំងក្នុងរាជធានីភ្នំពេញ ជាពិសេសនៅកណ្តាលរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងភ្នំពេញ ពុំមានដីច្រើនដើម្បីសាងសង់ការិយាល័យ។ ម្យ៉ាងវិញទៀតការរិយាល័យប្រភេទនេះ ក៏បានទាក់ទាញការវិនិយោគ និងសកម្មភាពជាជីវកម្មច្រើនផងដែរ។
-->
កញ្ញាបន្តថា ជាក់ស្ដែងគម្រោងលក់ការិយាល័យ ដែលចាប់ពីជាន់ទី១៣ដល់ជាន់ទី២៨ ចំនួន២៥០យូនីត ដែលចាប់ផ្ដើមលក់កាលពីដើមឆ្នាំរបស់ហ៊ុនមកទល់ពេលនេះ បានលក់ដាច់ជាច្រើនប្រមាណ៩០ភាគរយហើយ។ កញ្ញាបន្តថា អតិថិជនដែលសម្រេចទិញ ការិយាល័យពីក្រុមហ៊ុនមានទាំងជនជាតិខ្មែរ និងជនបរទេស ដោយក្នុងនោះអ្នកវិនិយោគជនជាតិចិនជាច្រើនបានទិញ ការិយាល័យសម្រាប់បម្រើការងាររបស់ខ្លួន។
អ្នកនាង ជិន ចាន់ឡែន នាយិកាក្រុមហ៊ុន FURI TIMES SQAURE បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារការិយាល័យ ពិតជាមានកំនើនតម្រូវការខ្ពស់ ពិសេសការិយាល័យស្ថិតនៅក្នុងគំរោងវិនិយោគចម្រុះបែបនេះ ដែលអតិថិជនអាចទិញវិនិយោគចំណេញបានច្រើន ព្រោះគំរោង THE PEAK ជាគំរោងដែលរួមបញ្ចូលនូវសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ Shangri_La, ផ្សារទំនើបលំដាប់អន្តរជាតិ ក្លឹបហាត់ប្រាណ និងសេវាកម្មជាច្រើនទៀត ពិសេសមានខុនដូជាង១១០០យូនីត ស្ថិតនៅក្នុងគំរោងនេះ។
អ្នកនាងបន្តថា អតិថិជនមួយចំនួនបានវិនិយោគលើគំរោងមួយចំនួនមិនបានទទួលជោគជ័យ ដោយសារពួកគេជ្រើសរើសគំរោង ដែលគ្មានការឌីសាញទាក់ទាញ មិនមានការបំពាក់សម្ភារៈបរិក្ខាគ្រប់គ្រាន់ មិនមានចំណតយានយន្តសមស្រប ប៉ុន្តែសម្រាប់គំរោង THE PEAK គឺមានសេវាកម្មទាំងអស់នេះ៕