ដោយ គង់ សូរិយា
ភ្នំពេញ៖ លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group ដែលល្បីល្បាញលើការវិនិយោគអចលនទ្រព្យ ពេលនេះលោកបាននិងកំពុងលូកដៃចូលក្នុងវិស័យថ្មីមួយទៀត គឺវិស័យសហគ្រាសធុនតូចនិងមធ្យម (SME) ដើម្បីជួយជំ រុញវិស័យនេះឲ្យមានភាពរីកចម្រើន។
មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការអភិវឌ្ឍចង្កោមសហគ្រាសធុនតូចនិងមធ្យមថ្មី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨កន្លងមក លើកឡើងស្របគ្នានេះដែរ លោកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា ដោយសារតែក្រុមហ៊ុនលោកមានចក្ខុវិស័យស្របគ្នា នឹងស៊ីសង្វាក់ជាមួយរដ្ឋាភិបាលលើគោលនយោបាយ និងទិសដៅអភិវឌ្ឍន៍ចង្កោមសហគ្រាសធុនតូច និងមធ្យម ទើបក្រុមការងារដែលមានសមត្ថភាពបានពិគ្រោះយោបល់ពីអាទិភាពនិងលទ្ធភាព ក្នុងការអភិវឌ្ឍផែនការមួយនេះ ឲ្យកាន់តែមានសក្ដានុពល និងការទទួលខុសត្រូវ និងមានការចូលរួមទ្រទ្រង់ជាលក្ខណៈស្តង់ដារអន្តរជាតិ។
លោកឧកញ៉ាបន្តថា “ដើម្បីឲ្យការចងក្រងជាបណ្ដុំសហគ្រាសធុនតូច និងមធ្យមកាន់តែមានប្រសិទ្ធភាព ខ្ញុំបានចុះហត្ថលេខា ដើម្បីធ្វើកិច្ចជាមួយស្ថាប័នអន្តរជាតិធំពីរ គឺអង្គការសហប្រជាជាតិ (UNDP) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដើម្បីធ្វើឲ្យប្រាកដថា អ្វីដែលពួកយើងធ្វើនឹងទទួលបានប្រយោជន៍ខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកគឹម ទូចបានមានប្រសាសន៍ឲ្យដឹងផងដែរថា ដើម្បីអោយខ្សែសង្វាក់ផលិតកម្មរបស់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកាន់តែប្រសើរឡើង មិនមែនមានតែជាការងារក្រសួងតែមួយទេ តែត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជាវិស័យឯកជន ជាពិសេសពីវិស័យនេះផ្ទាល់តែម្ដង។ លោកបន្តថា វិស័យមួយនេះប្រាកដជាពិបាករីកចម្រើនណាស់ បើមិនមានការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ហើយបើសិនជាវិស័យនេះមិនមានការរីកចម្រើននោះទេ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ពិបាកនឹងសម្រេចបានទៅតាមផែនការនោះដែរ។
លោកបន្តថា “ហេតុនេះទើបរដ្ឋាភិបាល ដែលមានក្រសួងឧស្សាហកម្ម និងសិប្បកម្មតែងតែជំរុញ និងលើកទឹកចិត្តរាល់ការច្នៃប្រឌិតនានារបស់សហគ្រិន ក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមកម្ពុជា”៕