ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា CSX បានដាក់ដំណើរការសាកល្បងនូវប្រព័ន្ធជួញដូរភាគហ៊ុនចល័ត នៅតាមប្រព័ន្ធអនឡាញទទួលបានជោគជ័យ នៅពេលនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា CSX មួយនេះ បានចាប់ផ្តើមបង្កើត App មួយទៀតដែលឈ្មោះថា PhsarHun ដែលកម្មវិធីនេះយើងអាចដោនឡូតដាក់ ក្នុងទូរស័ព្ទសម្រាប់មើលព័ត៌មានទីផ្សារមូលបត្រនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលាកន្លងមកនេះបានឲ្យដឹងថា កម្មវិធី PhsarHun គឺជាបណ្តុំព័ត៌មានលើបណ្តាញឌីជីថលអំពីការវិនិយោគនៅលើទីផ្សារមូលបត្រ។ កម្មវិធី PhsarHun ប្រមូលផ្ដុំទៅដោយព័ត៌មានអំពីទិន្នន័យទីផ្សារ ក្រុមហ៊ុនចុះបញ្ជីរ ក្រុមហ៊ុនមូលបត្រ និងចំណេះដឹងនៃការវិនិយោគជាដើម។
ប្រធាននាយកដ្ឋានស្តីទី នាយកដ្ឋានប្រតិបត្តិការទីផ្សារមូលបត្រ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោកស្រី គឹម សុផានីតាបានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅគ្រប់អ្នកវិនិយោគិន បន្ទាប់ទទួលបានព័ត៌មានផ្សេងៗ ពិសេសចំណេះដឹងទាក់ទងនឹងការជួញដូរភាគហ៊ុននៅតាមកម្មវិធី PhsarHun គឺវិនិយោគិនអាចធ្វើការសម្រេចចិត្ត និងអាចបញ្ជាការជួញដូរភាគហ៊ុនរបស់ខ្លួន នៅតាមកេហទំព័រមួយទៀតដែលមានអាស័យដ្ឋាន https://mts.csx.com.kh នៅតាមប្រព័ន្ធទូរសព្ទដៃរបស់គេបានដោយសេរី។
នៅក្នុងផ្សារមូលបត្រកម្ពុជា CSX បច្ចុប្បន្នមានក្រុមហ៊ុនរដ្ឋនិងឯកជនចំនួន៥ក្រុមហ៊ុន បានកំពុងបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួន ហើយនៅចុងឆ្នាំ២០១៨ឈានឆ្នាំ២០១៩នេះ នឹងមានក្រុមហ៊ុនធំៗចំនួន២ទៀតរួមមាន ក្រុមហ៊ុនប៉េស្ទិចបានចុះបញ្ជីលក់ភាគហ៊ុន។ ដោយឡែកក្រុមហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត ក៏ត្រូវបានគណៈកម្មាធិការមូលបត្រកម្ពុជាបានចុះបញ្ជី និងផ្តល់ការអនុញ្ញាតអោយបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈជាលើកដំបូងផងដែរ។
បច្ចុប្បន្នផ្សារហ៊ុនកម្ពុជាមានភ្នាក់ងារ ផ្តល់សេវាជួញដូរភាគហ៊ុនចំនួន១០ក្រុមហ៊ុន និងមានអ្នកទិញលក់ភាគហ៊ុនចំនួនជាងជិត១៥ម៉ឺននាក់ ហើយក្នុងមួយថ្ងៃៗ ជាមធ្យមគឺមានគណនីជួញដូរប្រមាណជាង១៥,០០០ទៅ២០,០០០ហ៊ុន ត្រូវបានគេធ្វើសកម្មភាពជួញដូរជារៀងរាល់ថ្ងៃ៕