ដោយៈសុខុម
អន្តរជាតិ: សហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ឋមិត្តរបស់ខ្លួន តែងតែបង្កកទ្រព្យសម្បត្តិរបស់ជនបរទេស មេដឹកនាំឬរបស់ប្រទេសណាមួយ នៅពេលពួកគេយល់ថា អ្នកទាំងនោះធ្វើអ្វីដែលប្រាសចាកប្រព័ន្ឋនៃការគិតរបស់ខ្លួន ជាជាងការគោរពសិទ្ឋអ្នកដទៃ។
ជាក់ស្តែង ក្រៅពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ពីសំណាក់អាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ ក្រុមមេដឹកនាំទាំងនោះ ក៏បានបង្កកទុនបម្រុងអន្តរជាតិជាង១០០ពាន់លានដុល្លារ របស់ធនាគារកណ្ដាលរុស្ស៊ី បង្កកទ្រព្យទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី ទ្រព្យសម្បត្តិរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ីផងដែរ ក្រោយប្រទេសនេះបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។
*និយាយដល់ការបង្កកទ្រព្យសម្បត្តិ តើសហរដ្ឋអាមេរិក ប្រើច្បាប់ពិសេសអ្វីដើម្បីបង្កកទ្រព្យសម្បត្តិរបស់ជនបរទេស ឬប្រទេសណាមួយ?
ជាការពិតណាស់ សហរដ្ឋអាមេរិក គឺជាមហាអំណាចសេដ្ឋកិច្ចទី១ និងជាមហាអំណាចយោធាទី១ របស់ពិភពលោក ហើយប្រទេសនេះតែងតែដាក់ទណ្ឌកម្ម ឬគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើប្រទេសណា ដែលខ្លួនយល់ថាមិនគោរព តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ បំបិទសិទ្ធិសេរីភាព ឬធ្វើទុក្ខបុកម្នេញពលរដ្ឋ ក្នុងរូបភាពមិនអាចទទួលយកបាន ឬការបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសណាមួយជាដើម។
សហរដ្ឋអាមេរិក មិនត្រឹមតែអាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលមានអំណាច ឬមហាសេដ្ឋីជាជនបរទេសណាម្នាក់ ដែលរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធអំពើពុករលួយ ឬអំពើល្មើសច្បាស់នៅក្នុងប្រទេសកំណើតរបស់បុគ្គលរូបនោះប៉ុណ្ណោះទេ គឺថែមទាំងអាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលនោះនៅក្រៅប្រទេសបានទៀតផង ឬសូម្បីទ្រព្យសម្បត្តិរបស់ប្រទេសណាមួយ តួយ៉ាងដូចប្រទេសរុស្ស៊ី ពេលនេះ។
យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា រដ្ឋាភិបាលសហព័ន្ធនៃសហរដ្ឋអាមេរិក មានសិទ្ធិអាចបង្កករាល់ទ្រព្យសម្បត្ដិ ដែលដាក់តម្កល់ក្នុងធនាគារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ចំណុចនោះបានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើបណ្ដាធនាគារបរទេស ជុំវិញមូលនិធិនៅក្នុងសហរដ្ឋអាមេរិក។
លើសពីនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏អាចដាក់សម្ពាធឱ្យធនាគារអាមេរិកនានា បង្កកទ្រព្យសម្បត្តិនៅក្រៅប្រទេសបានផងដែរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចគំរាមកំហែងធនាគារនានានៅក្រៅប្រទេសថា នឹងប្រឈមផលលំបាកផ្សេងៗ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដូចជា ការមិនទទួលបានសេវាដិតដល់ ការយកថ្លៃសេវាខ្ពស់ជាងធម្មតា ការរុកគួន ។ល។ បើមិនព្រមធ្វើតាមខ្លួន។
មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏មានឥទ្ធិពលខ្លាំងមិនធម្មតា ដែលអាចដាក់គំនាបឱ្យបណ្ដាប្រទេសសម្ព័ន្ធមិត្ត ជួយបង្កទ្រព្យសម្បត្តិតាមអ្វីដែលខ្លួនចង់បានថែមទៀតផង។
នេះសរបង្ហាញឱ្យឃើញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានវិធីច្រើនយ៉ាងណាស់ដើម្បីធ្វើឱ្យធនាគារ ក្នុងប្រទេសនានាធ្វើតាមខ្លួនទាំងក្នុងរូបភាពសូកប៉ាន់ និងរូបភាពដាក់ទំនាប់ ឬគំរាមកំហែង។ តួយ៉ាង កាលពីពេលថ្មីៗនេះសហភាពអឺរ៉ុប និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ធ្វើតាមការអំពាវនាវរបស់សហរដ្ឋអាមេរិក ដោយបានចាត់វិធានការបង្កក ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី និងសូម្បីទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលក្រុងមូស្គូ។
និយាយតាមផ្លូវច្បាប់វិញ ប្រធានាធិបតីសហរដ្ឋអាមេរិក មានសិទ្ធិអំណាចធំធេងណាស់ នៅក្នុងការបង្កកទ្រព្យសម្បត្តិក្រោមច្បាប់ស្ដីពី អំណាចគ្រាអាសន្នផ្នែកសេដ្ឋកិច្ចអន្តរជាតិ International Emergency Economic Powers Act (IEEPA) និងច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មជាមួយបច្ចាមិត្រ (Trading with the Enemy Act)។
ម្យ៉ាងវិញទៀត ដោយសារតែប្រទេស និងក្រុមហ៊ុនធំៗជាច្រើន បានដាក់តម្កល់ប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់នៅក្នុងធនាគារ និងមូលនិធិវិនិយោគនានាក្នុងទឹកដីសហរដ្ឋអាមេរិក បានផ្ដល់លទ្ធភាពឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចលេងហ្គេមហ៊ុមព័ទ្ធសេដ្ឋកិច្ចនេះ បានតាមអំពើចិត្តចាប់តាំងពីឆ្នាំ១៩៥៩ មកម៉្លេះ។
*តើទ្រព្យសម្បត្តិដែលបង្កកទាំងនោះ នឹងប្រគល់ឱ្យម្ចាស់ដើមវិញ នៅពេលវេលាសមរម្យណាមួយ ឬមួយក៏រឹបអូសស៊ីដាច់តែម្ដង?
តាមរយៈការចុះផ្សាយរបស់គេហទំព័រ www.rferl.org លោក Charles Intriago ប្រធានសមាគមអ្នកឯកទេសដោះស្រាយបទល្មើសហិរញ្ញវត្ថុ ACFCS ដែលមានមូលដ្ឋាននៅក្រុងម៉ៃអាមី (Miami) និងជារដ្ឋអាជ្ញាសហព័ន្ធរបស់សហរដ្ឋអាមេរិក លើកឡើងថា សម្រាប់ទ្រព្យសម្បត្តិដែលត្រូវបានបង្កក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមានជម្រើស៤ ដូចជា ទី១: រក្សាទុកទ្រព្យសម្បត្តិទាំងនោះ
ទី២: លក់វាឱ្យទៅអ្នកដែលហ៊ានដេញថ្លៃខ្ពស់ជាងគេ ហើយយកលុយដែលលក់បាន ទៅប្រើប្រាស់តាមបំណងរបស់ខ្លួន។ ទី៣: ដកលុយទាំងនោះទុកខ្លះ ហើយសល់ប៉ុន្មានប្រគល់ទៅឱ្យប្រទេសដើមវិញ និងទី៤: ប្រគល់ប្រាក់ទាំងអស់បានពីការលក់ឱ្យទៅប្រទេសនោះវិញ។
*ចុះក្នុងករណីបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី?
យោងតាមកាសែតអាមេរិក Washington Post ចុះផ្សាយកាលពីថ្ងៃទី៣ ខែមីនាបានឱ្យដឹងថា ទ្រព្យសម្បត្តិបង្កករបស់លោក ពូទីន និងទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី ឬសូម្បីទុនបម្រុងអន្តរជាតិរាប់រយពាន់លានដុល្លារ របស់ធនាគារកណ្ដាលរុស្ស៊ី នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ផ្ដល់ជំនួយមនុស្សធម៌ នៅក្នុងប្រទេសអ៊ុយក្រែន និងជួយដល់ជនភៀសខ្លួនអ៊ុយក្រែនជាង១លាននាក់។
ប្រសិនបើ និងនៅពេលប្រទេសអ៊ុយក្រែន ត្រូវបានដោះលែងឱ្យមានសេរីភាព ពីការត្រួតត្រាដោយរុស្ស៊ី ទ្រព្យសម្បត្តិបង្កកទុកដែលនៅសល់ប៉ុន្មាន អាចនឹងត្រូវបានប្រើប្រាស់សម្រាប់ជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ៕