ដោយៈគង់់ សូរិយា
ភ្នំពេញៈ តើផែនការសកម្មភាព និងទិសដៅអ្វីខ្លះត្រូវបានដាក់ចេញ ដើម្បីសម្រេចបានតាមផែនការ នៃការរៀបចំខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
តាមមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលបានបង្ហើបថា សេចក្ដីព្រាងលទ្ធផលនៃការសិក្សាផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដំណាក់កាលពី១ ត្រូវបានបញ្ចប់ហើយ ខណៈបច្ចុប្បន្នអន្តរក្រសួងកំពុងវាយតម្លៃ ពិភាក្សា និងផ្តល់យោបល់លើលទ្ធផលនេះ។
ការបញ្ចប់ពីផែនការដំណាក់កាលទី១នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំវាយតម្លៃលើសេចក្ដីព្រាងលទ្ធផលសិក្សា ធ្វើឡើងកាលពីថ្ងៃទី ៣០ មីនា ដែលដឹកនាំដោយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានដំណាងពីវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាយស៊ិនជិន (UPDIS) ព្រមទាំងមន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធ។
របាយការណ៍លទ្ធផលសម្រាប់ដំណាក់កាលទី១ ផ្តោតលើផ្នែកសំខាន់ៗ ចំនួន២ រួមមានទី១ ការវិភាគតំបន់ និងស្ថានភាព និងទី២ ទស្សនទានបឋម ដោយបង្ហាញពីរូបភាពអនាគតនៃការរៀបចំផែនការមេ។
ការរៀបចំផែនការមេនេះ កំពុងសិក្សាដោយវិទ្យាស្ថាន នគរូបនីយកម្ម និងឌីសាយស៊ិនជិន (UPDIS) និងត្រូវបានចែកជា៥ដំណាក់កាល ដោយនឹងចំណាយពេល១៨ ខែ។
ការសិក្សានឹងរួមបញ្ចូល ការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយនវានុវត្តន៍ខ្ពស់ ផែនការទីក្រុងវៃឆ្លាត ការរៀបចំសំណង់អគារ តំបន់លំនៅដ្ឋាន ការកំណត់តំបន់ឧស្សាហកម្ម និងតំបន់ការពារបរិស្ថានជាដើម៕