ដោយ៖ សុខុម
សេអ៊ូល: រដ្ឋាភិបាលដែលនឹងចូលកាន់តំណែងឆាប់ៗនេះរបស់លោក Yoon Suk-yeol ប្រធានាធិបតីទើបជាប់ឆ្នោតរបស់កូរ៉េខាងត្បូង នឹងប្រែក្លាយទីក្រុងសេជុង (Sejong) ដែលស្ថិតនៅភាគខាងត្បូងចម្ងាយ១៤៤គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ទៅជាទីក្រុងរដ្ឋបាល។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី០១ ខែមេសា។
ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ថា គណៈកម្មាធិការអន្តរកាល (Transition Committee) មានផែនការផ្ទេរផ្នែកសំខាន់ៗនៃរដ្ឋសភាទៅកាន់ក្រុង Sejong និងបង្កើតការិយាល័យប្រធានាធិបតីទី២ នៅទីនោះនៅឆ្នាំ២០២៧។
ការបង្កើតការិយាល័យប្រធានាធិបតីទី២ និងអគារនីតិប្បញ្ញត្តិមួយនៅក្នុងទីក្រុង Sejong គឺជាការសន្យាដ៏សំខាន់មួយនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក Yoon Suk-yeol ជាចក្ខុវិស័យមួយដែលលោកនិយាយថានឹងពង្រឹងឋានៈទីក្រុងដែលមានប្រជាជនតិចមួយនេះ ទៅជាក្រុងរដ្ឋបាលដែលមានក្រសួង និងស្ថាប័នរដ្ឋមួយចំនួននឹងផ្លាស់ទៅកាន់ទីនោះ។
ទីក្រុងនេះនឹងមានស្ថាប័នរដ្ឋបាលកណ្តាលចំនួន៤៧ ស្ថាប័នទីប្រឹក្សាចំនួន១៦ និងស្ថាប័នចំណុះឱ្យរដ្ឋាភិបាលចំនួន២៤។ ស្ថាប័នរដ្ឋាភិបាលសំខាន់ៗចំនួន២០គឺរក្សាទុកឱ្យនៅក្នុងរដ្ឋធានីសេអ៊ូល ដដែលរួមទាំងក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងការបង្រួបបង្រួមជាតិ និងក្រសួងសមភាពយេនឌ័រផងដែរ។
គណៈកម្មាធិការអន្តរកាល និងទីភ្នាក់ងារជាតិទទួលបន្ទុកសាងសង់ទីក្រុងរដ្ឋបាល (National Agency for Administrative City Construction) បាននិយាយកាលពីថ្ងៃអង្គារ ទី២៩ ខែមីនា ថា ពួកគេកំពុងពិភាក្សារកវិធីពន្លឿនការសាងសង់អគារទាំងពីរខាងលើ គឺការិយាល័យប្រធានាធិបតីទី២ និងអគារនីតិប្បញ្ញត្តិ។
វិធានការដើម្បីទាក់ទាញអាជីវកម្មនានាចូលមកកាន់ទីក្រុងនេះ ព្រមទាំងបណ្ដាគ្រឹះស្ថានអប់រំ និងសកលវិទ្យាល័យដ៏មានកិត្យានុភាពថ្នាក់តំបន់ផងដែរនោះ នឹងត្រូវបង្ហាញនៅប៉ុន្មានខែខាងមុខនេះ៕