ធនាគារកណ្ដាលចិន ពង្រីកកម្មវិធីសាកល្បងប្រើប្រាស់ប្រាក់យ័នឌីជីថលE-CNYទៅកាន់ទីក្រុងសំខាន់ៗ

0

ដោយៈសុខុម

សៀងហៃ: ធនាគារកណ្តាលចិន បានប្រកាសកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ខ្លួននឹងពង្រីកកម្មវិធីសាកល្បងប្រើប្រាស់ រូបិយប័ណ្ណឌីជីថលរបស់ខ្លួនទៅកាន់តំបន់ជាច្រើនទៀត រួមទាំងបណ្ដាក្រុងក្នុងខេត្តចឺជាំង (Zhejiang) ភាគខាងកើត ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា Asian Games នៅចុងឆ្នាំនេះផងដែរ។

ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលនិយាយថា ខ្លួននឹងជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍរូបិយប័ណ្ណឌីជីថលចិន ដែលមានឈ្មោះថា e-CNY និងពង្រីកវិសាលភាពនៃកម្មវិធីសាកល្បងនេះ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ធនាគារកណ្ដាលចិនបានឱ្យដឹងថា ក្រុងធានជីន(Tianjin) ក្រុងឆុងឈីង (Chongqing) ក្រុងគ័ងចូវ (Guangzhou) ក្រុងហ៊្វូចូវ (Fuzhou) ក្រុងស៊ាមិន (Xiamen) និងទីក្រុងចំនួន៦ទៀតក្នុងខេត្តចឺជាំង (Zhejiang) ជាប់មាត់សមុទ្រ នឹងត្រូវបានបញ្ចូលបន្ថែមទៅក្នុងទីក្រុង “សាកល្បង” សំខាន់ៗដែលមានស្រាប់ចំនួន១០ ដើម្បីសាកល្បងការប្រើប្រាស់ e-CNY។

ទីក្រុងទាំង៦ក្នុងខេត្តចឺជាំង (Zhejiang) ដែលរាប់បញ្ចូលទាំងទីរួមខេត្តហាងចូវ (Hangzhou) ផងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Asian Games នៅខែកញ្ញា។

ធនាគារកណ្ដាលចិន បានបង្កើនការសាកល្បង ប្រើប្រាស់រូបិយប័ណ្ណឌីជីថល e-CNY ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមថានឹងទាញយកអត្ថប្រយោជន៍ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង (Beijing Winter Olympics) ជាឱកាសមួយដើម្បីលើកកម្ពស់ការធ្វើសកលភាវូបនីយកម្មរូបិយប័ណ្ណយ័ន។

ទោះជាយ៉ាងណា គោលបំណងរបស់ក្រុងប៉េកាំង ក្នុងការធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយរូបិយប័ណ្ណឌីជីថលរបស់ខ្លួន ត្រូវបានអាក់ខានដោយសារអ្នកទស្សនា ជាជនបរទេសមិនត្រូវបានអនុញ្ញាត ឱ្យចូលទស្សនាដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។ ទន្ទឹមនេះអ្នកទស្សនានៅក្នុងស្រុកក៏មិនអាចប្រើប្រាស់ App ទូទាត់ឌីជីថលធម្មតារបស់ពួកគេបានទៀត។

សេចក្តីថ្លែងការណ៍របស់ធនាគារកណ្ដាលចិន ក៏បាននិយាយដែរថា ក្រុងប៉េកាំង និងក្រុងចាងជាខូវ (Zhangjiakou) ដែលធ្វើជាសហម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាកាលពីខែកុម្ភៈ ក៏នឹងក្លាយជាទីក្រុង សាកល្បងប្រើប្រាស់រូបិយប័ណ្ណ e-CNY ផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here