ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ កំណើននៃការផ្គត់ផ្គង់ការិយាល័យនៅក្នុងទីក្រុងភ្នំពេញបានបន្តកើនឡើងជាលំដាប់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ហើយក្នុងឆ្នាំ២០២២នេះដែរ ការផ្គត់ផ្គង់ការិយាល័យ រំពឹងថានឹងមានទំហំ១០ម៉ឺនម៉ែត្រការ៉េ ។
ការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិ CBRE Cambodia ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញថា ការផ្គត់ផ្គង់ការិយាល័យកម្រិតC មានទំហំច្រើនជាងគេ បន្ទាប់កម្រិតB និងកម្រិតA មានការផ្គត់ផ្គង់តិចតួចនៅឡើយ តែយ៉ាងណាក៏ឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ ការផ្គត់ផ្គង់និងតម្រូវការការិយាល័យកម្រិតនេះ ក៏មានកំណើនឡើងផងដែរ។
ការសិក្សារបស់ក្រុមហ៊ុននេះក៏បានបង្ហាញផងដែរថា តម្លៃជួលនៃអគារការិយាល័យ កម្រិតCនិងB មានការកើនឡើងតិចតួច ធៀបនឹងឆ្នាំ២០២១កន្លងទៅ ជាពិសេសនៅក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ តម្លៃនៃការជួលមិនទាន់មានការងើបឡើងវិញគួរឱ្យកត់សម្គាល់ដែរ។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានលើកឡើងថា ក្នុងឆ្នាំ២០២២នេះសកម្មភាពនៃការជួលអគារការិយាល័យកម្រិតC ពីអ្នកវិនិយោគនិងម្ចាស់អាជីវកម្មក្នុងស្រុកចាប់ផ្ដើមមានសកម្មភាពបន្តិច ប៉ុន្តែសម្រាប់អគារការិយាល័យកម្រិតខ្ពស់A គឺ នៅបន្តលំនឹងថេរ ដោយសារតែអគារការិយាល័យកម្រិតនេះ គឺផ្ដោតលើវិនិយោគិនបរទេស ដូច្នេះនៅពេលបរទេសមិនទាន់ចូលមកកម្ពុជាច្រើនធ្វើឱ្យតម្រូវការអគារិយាល័យកម្រិតប្រណិត ក៏មិនទាន់មានកំណើនដែរ ប៉ុន្តែសម្រាប់ការផ្គត់ផ្គង់វិញនៅតែបន្តមានការអភិវឌ្ឍ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា នៅពេលមានតម្រូវការជួលការិយាល័យនឹងមានការផ្គត់ផ្គង់ ហើយការផ្គត់ផ្គង់នៅពេលនេះគឺជាការត្រៀមខ្លួនក្នុងការទទួលស្វាគមន៍វិនិយោគិនបរទេសនឹងចូលមកក្នុងប្រទេសកម្ពុជាវិញនៅពេលឆាប់ៗ៕