ដោយ វុត្ថា
ភ្នំពេញ៖ តំលៃលំនៅដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី អាចនឹងកើនឡើង១០ភាគរយបន្ថែមទៀត នៅបំណាច់ឆ្នាំ២០១៩ខាងមុខ ហើយនឹងកើនឡើងទ្វេដងនៅក្នុង២០៣០ ដោយសារកំណើនចំណូលរបស់ប្រជាពលរដ្ឋ លឿនជាងឥទ្ធិពលនៃការទប់ស្កាត់អចលនទ្រព្យថ្មីៗ និងអត្រាការប្រាក់ឡើងខ្ពស់។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុន Morgan Stranley ចេញផ្សាយកាលពីពេលថ្មីៗនេះ។
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីពេលថ្មីៗនេះថា កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសសឹង្ហបុរីកើនឡើនលឿន និងតម្រូវការទិញលំនៅដ្ឋានកាន់តែច្រើនពីគ្រប់មជ្ឈដ្ឋាន នឹងនៅតែមានលំនឹងទីផ្សារអចលនទ្រព្យ។
រដ្ឋាភិបាលសឹង្ហបុរីបានកត់សម្គាល់ថា គោលបំណងនៃការទប់ស្កាត់តម្លៃលំនៅដ្ឋាន គឺធ្វើអោយមានស្ថេរភាពតម្លៃ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមមូលដ្ឋានសេដ្ឋកិច្ច ។ ក្រុមអ្នកវិភាគអចលនទ្រព្យនៃក្រុមហ៊ុន Morgan Stanley រំពឹងថា ការមានអន្តរាគមន៍តាមរយៈគោលនយោបាយ គឺដើម្បីអោយមានសមភាព ទាំងពីរ គឺទាំងកើនឡើង និងការធ្លាក់ចុះតំម្លៃលំនៅដ្ឋាន។
ក្រុមអ្នកវិភាគមកពីបុរីញូវយ៉កក៏បានទស្សទាយដែរថា ប្រទេសសឹង្ហបុរីនឹងនៅតែជាទីចាប់អារម្មណ៍ពីក្រុមមូលធន ចំពោះទីផ្សារអចលនទ្រព្យ ដោយសារតែរដ្ឋាភិបាលនៃប្រទេសនេះ បានសាងសង់ព្រលានយន្តហោះថ្មី Changi Airport ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសម្រាប់ប្រកួតប្រជែង និងចាប់អារម្មណ៍ពីសំណាក់មូលធនបរទេស៕