ដោយ គង់ សូរិយា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) នឹងបន្តគោលនយោបាយធានាស្ថិរភាពហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ និងជម្រុញការគ្រប់គ្រងត្រួតពិនិត្យវិស័យហិរញ្ញវត្ថុ និងធនាគារ ជាពិសេសការជម្រុញពង្រឹកវិស័យធនាគារបន្ថែម ក្នុងគោលដៅគៀងគររកធនធានហិរញ្ញវត្ថុនៅក្នុងស្រុក ។
យោងតាមឯកសារគោលនយោបាយ និងវិធានការក្នុងយុទ្ធសាស្ត្រចតុកោណដំណា ក់កាលទី៤នេះដែលបានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានបង្ហាញនូវគោលនយោបា យលើការបន្តពង្រីកតួនាទីវិស័យធនាគារ ការសិក្សា និងការរៀបចំគោលនយោបាយ ដើ ម្បីពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុ និងការពង្រីកគោលការណ៍គាំពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងការជម្រុញអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ថែម ជាពិសេសជម្រុញលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ និងការប្រើប្រាស់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ នៅក្នុងប្រតិបត្តិការធនាគារឲ្យកាន់តែទំនើប មានប្រសិទ្ធភាព សុវត្ថិភាព និងមានតម្លៃសមរម្យ។
ចំណែកការប្រើប្រាស់ប្រាក់រៀលវិញ ធនាគារជាតិនៃកម្ពុជា នឹងបន្តលើកកម្ពស់ឲ្យកាន់តែទូលាយ តាមរយៈការបង្កើនគោលនយោបាយថ្នាក់ជាតិ ដែលបង្កើនការចូលរួមពីគ្រប់ភាគី នឹងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅក្នុងវិស័យហិរញ្ញវត្ថុ សំដៅបង្កើនប្រសិទ្ធភាព និងការចូលរួមចំណែករបស់វិស័យហិរញ្ញវត្ថុ ក្នុងកំណើនសេដ្ឋកិច្ចជាតិយើង។
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូធ្លាប់បានមានប្រសាសន៍ ក្នុងវេទិការស្តីពី អាជីពការងារក្នុងវិស័យធនាគារ និងធានារ៉ាប់រងកាលពីពេលថ្មីៗនេះថា ទ្រព្យសកម្មក្នុងវិស័យធនាគារមានទំហំប្រមាណ១៦០ភាគរយ នៃផលទុនជាតិសរុបក្នុងនោះឥណទានក្នុងវិស័យឯកជនមានកម្រិត១០០នៃផ.ស.ស និងមានប្រាក់បញ្ញើកម្រិត ៩៣ភាគរយនៃផ.ស.ស ផងដែរ។ លោកបន្តថា ដោយឡែកទុនបម្រុងអន្តរជាតិវិញ បានបន្តពូនជ្រំជាលំដាប់ ដែលបច្ចុប្បន្នអាចធានាការនាំចូលទំនិញ និងសេវាបានប្រមាណរយៈពេល៦ខែ ស្មើរនឹង២ដងនៃកម្រិត ប្រទេសដែលកំពុងអភិវឌ្ឍន៍ ដែលមានត្រឹមតែ៣ខែប៉ុណ្ណោះ ៕