ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយគ្រោងបោះទុនវិនិយោគ សាងសង់រោងចក្រផលិតស៊ីម៉ងត៍តម្លៃជាង២៥០លានដុល្លារ នៅខេត្តកំពង់ស្ពឺ ខណៈរហូតមកទល់ពេលនេះ ការសិក្សាពីផែនការបង្កើតរោងចក្រនេះ បានបញ្ចប់រួចហើយ។
លោកវ៉ី សំណាងអភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនមកពីប្រទេសចិន ដែលគ្រោងវិនិយោគសាងសង់រោងចក្រនេះ មានឈ្មោះ Conch KT Cement។ ក្រុមហ៊ុនកំពុងរៀបចំបំពេញបន្ថែម នូវនីតិវិធីច្បាប់នៅក្រសួង-ស្ថាប័ន និងផ្នែកពាក់ព័ន្ធដើម្បីឈានឆ្ពោះទៅចាប់ផ្តើមដំណើរការសាងសង់។
រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាងបានបន្តថា បច្ចុប្បន្នការសិក្សារបស់ក្រុមហ៊ុនទៅលើសក្តានុពលធនធាន នៅក្នុងតំបន់បានបញ្ចប់រួចរាល់ហើយ ដោយក្នុងនោះក្រុមហ៊ុន ក៏បានសិក្សាពីការដោះស្រាយផលប៉ះពាល់ ជាមួយភាគីពាក់ព័ន្ធ និងបានរៀបចំប្លង់គោល ពីការបែងចែកតំបន់អាជីវកម្ម និងតំបន់រដ្ឋបាល សម្រាប់ដំណើរការអាជីវកម្មផងដែរ។
លោកបន្តថា “ទោះយ៉ាងណាមកដល់ពេលនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅមិនទាន់ទទួលបានព័ត៌មានលម្អិត ពីកាលបរិច្ឆេទនៃការចាប់ផ្តើមដំណើរការសាងសង់រោងចក្រនេះនៅឡើយទេ”។
លោកអភិបាលខេត្តបានលើកឡើងទៀតថា កត្តាស្ថិរភាពនយោបាយមានសុខសន្តិភាព និងសុវត្ថិភាពល្អ កត្តាភូមិសាស្ត្រអំណោយផលដោយមានផ្លូវជាតិសំខាន់ៗឆ្លងកាត់ ពិសេសផ្លូវល្បឿនលឿន និងភាពសម្បូរបែបនៃកម្លាំងពលកម្ម បានធ្វើឱ្យខេត្តកំពង់ស្ពឺ ទាក់ទាញការចូលមកបណ្តាក់ទុនពីសំណាក់អ្នកវិនិយោគនៅគ្រប់ទិសទី។ ការបណ្តាក់ទុនវិនិយោគបានជួយផ្តល់ឱ្យខេត្តនូវភាពវិជ្ជមានជាច្រើន ទាំងកម្រិតជីវភាពប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ប្រធានគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា លោកជីវ ស៊ីវផេងបាននិយាយឲ្យដឹងផងដែេថា ការវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចកម្ពុជា ទាំងការបង្កើតការងារថ្មី ការកាត់បន្ថយការនាំចូលពីបរទេស និងអាចឈានទៅនាំចេញនៅពេលអនាគតផងដែរ ខណៈកម្ពុជាមានទីតាំង (វត្ថុធាតុដើម) ជាច្រើនសម្រាប់ផលិតស៊ីម៉ងត៍។
លោកបានបន្តថា “តាមរយៈកំណើនសេដ្ឋកិច្ច និងការរីកចម្រើននៃវិស័យសំណង់ ប្រទេសកម្ពុជានឹងត្រូវការស៊ីម៉ងត៍ក្នុងបរិមាណច្រើន នៅពេលខាងមុខ ជាពិសេសនៅពេលស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ ១៩ ត្រូវគ្រប់គ្រងបានទាំងស្រុង”៕