អ្នកជំនាញ​ថា គំរោង​វិនិយោគ​របស់​ចិន នៅតែ​ដំណើរ​ការល្អ ទោះ​ជាមាន​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន​កំពុងតែ​ក្តៅ​និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ថម​ថយ​ល្បឿន​ក្តី តែ​អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​អះអាងថា គំរោង​វិនិយោគ​ចិន​នៅ​កម្ពុជា មិនបាន​រង​ផលប៉ះពាល់​ចេញពី​វិបត្តិ​នេះ​ទេ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៥ តុលា​នេះ​ថា គំរោង​របស់​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា នៅតែ​ដំណើរការ​ជាធម្មតា មិនមាន​រង​ផលប៉ះពាល់​ណាមួយ​នៅឡើយ​ទេ ដោយ​អ្នកវិនិយោគ​នៅតែ​បន្ត​គំរោង​របស់​ពួកគេ ប៉ុន្តែ​អ្វី​ជាការ​បារម្ភ​គឺថា​រដ្ឋាភិបាល​ចិន​បានចេញ​គោលនយោបាយ​ថ្មី ដោយ​កម្រិត​លំហូរ​ទុនវិនិយោគ​ទៅកាន់​ក្រៅប្រទេស ប៉ុន្តែ​វា​មិន​កំណត់​សម្រាប់តែ​កម្ពុជា​ទេ គឺ​ធ្វើ​នៅ​ទូទាំង​ពិភពលោក។

អ្នកនាង​បន្តថា “គំរោង​ចិន​នៅតែ​ដំណើរការ​ល្អប្រសើរ ក្រុមហ៊ុន​មាន​បញ្ហា​នៅតែមាន​បញ្ហា តែ​ក្រុមហ៊ុន​ល្អ​នៅតែ​ល្អ។អ្នកនាង​បន្ថែមថា “ទីផ្សារ​ខុន​ដូ​នៅតែ​ល្អ ដោយ​ការលក់​នៅតែ​ជោគជ័យ ហើយ​គំរោង​ដែល​ជោគជ័យ​ឬ​អត់អាស្រ័យ​លើ​គំរោង គុណភាព តម្លៃ និង​ទីតាំង​របស់​គំរោង​នោះ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន VTRUST APPRAISAL បាន​រកឃើញថា​ចំនួន​ខុន​ដូ​នៅ​កម្ពុជា បាន​កើន​ឡើងដល់​ជាង៦ម៉ឺន​យូ​នី​ត នៅ​ដំណាច់ឆ្នាំ២០១៧កន្លងមកនេះ។

អ្នកនាង អាន សុធី​តា បាន​បន្តថា គំរោង​វិនិយោគ​របស់​ចិន​ភាគច្រើន ផ្តោតលើ​ទីផ្សារ​នៅក្រៅ​ប្រទេស ពួកគេ​លក់​គំរោង​របស់​ពួកគេ​នៅ​ទីនោះ​ភាគច្រើន។

អ្នកនាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21Cambodia បាន​ឲ្យ​ដឹងផង​ដែរ​ថា គំរោង​របស់​ចិន​នៅ​កម្ពុជា នៅតែ​ដំណើរការ​ល្អប្រសើរ ដោយ​អ្នកវិនិយោគ​ភាគច្រើន​ផ្តោតលើ​ទីផ្សារ​ក្រៅប្រទេស ជា​អ្វី​ដែលជា​និន្នាការ​វិនិយោគ​របស់​ពួកគេ ខណៈដែល​ប្រជាជន​កម្ពុជា​មិនទាន់​ចង់​រស់​នៅតាម​ខុន​ដូ​នៅឡើយ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ខុន​ដូ៨០ភាគរយ ទិញ​ដោយ​ជនបរទេស និង២០ភាគរយ​វិនិយោគ​ដោយ​ជនជាតិខ្មែរ ប៉ុន្តែ​រយៈពេល១០ឆ្នាំ​ខាងមុខ និន្នាការ​នេះ​នឹង​ដើរ​បញ្ច្រាស​វិញ។

អ្នកនាង​បន្តថា “ចិន​វិនិយោគ​នៅ​កម្ពុជា​ពេលនេះ ជា​ពេល​សមស្រប​ព្រោះ​តម្លៃ​អចលនទ្រព្យ ពិសេស​តម្លៃ​ដីធ្លី​មានតម្លៃ​ទាប ដែល​ពួកគេ​អាច​រកប្រាក់​ចំណេញ​បាន ប៉ុន្តែ​បើ​ពួកគេ​រង់ចាំ​យូរ​តទៅទៀត ការវិនិយោគ​របស់​ពួកគេ​នឹង​យឺត​ពេល។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត ​គីម ហ៊ាង​ បាន​ថ្លែងថា ទីផ្សារ​អចលវត្ថុ​នៅ​កម្ពុជា នៅតែមាន​សញ្ញា​វិជ្ជមាន និង​ការវិនិយោគ​នៅតែ​បន្ត ដោយ​យើង​មិនទាន់​មើលឃើញថា​មាន​ហានិភ័យ ឬ​បញ្ហា​ណាមួយ​កើតឡើង​នោះទេ ពិសេស​គំរោង​របស់​អ្នកវិនិយោគ​ចិន នៅតែ​ដំណើរការ និង​មិន​រង​ផលប៉ះពាល់​ណាមួយ ពី​វិបត្តិ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​នោះឡើយ។

លោក​បន្តថា “ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​នេះ និង​នៅតែ​មើលឃើញ​វិស័យនេះ​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្តទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here