វៀតណាម សង់ស្ពានកញ្ចក់វែងបំផុតរបស់ពិភពលោកដើម្បីដណ្ដើមកំណត់ត្រាឯតទគ្គកម្មពីចិន

0

ដោយៈសុខុម

ហាណូយ: ប្រទេសវៀតណាម កំពុងសម្រុកសាងសង់បង្ហើយនូវស្ពានកញ្ចក់ដែលវែងបំផុត ក្នុងពិភពលោក ដើម្បីដណ្ដើមកំណត់ត្រាឯតទគ្គកម្មចាស់ពីប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា។

នៅថ្ងៃទី៣០ ខែមេសា ដ៏ខ្លីខាងមុខនេះ គឺជាទិវាបង្រួបបង្រួមជាតិ (Reunification Day) ដែលជាថ្ងៃបុណ្យជាតិក្នុងប្រទេសវៀតណាម ហើយស្ពានកញ្ចក់ ដែលមានកម្ពស់ជាង៦៣០ម៉ែត្រនេះនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ចំថ្ងៃបុណ្យនេះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។

ស្ពានកញ្ចក់នៅក្នុងប្រទេសវៀតណាម នេះមានប្រវែងវែងជាង២០០ម៉ែត្រ បើធៀបនឹងស្ពានកញ្ចក់ប្រវែង៤៣០ម៉ែត្រនៅជ្រោះ Zhangjiajie Grand Canyon ក្នុងប្រទេសចិន ដែលគ្រងកំណត់ត្រាឯតទគ្គកម្ម ជាស្ពានកញ្ចក់វែងបំផុតក្នុងពិភពលោក។

ស្ពានដែលមានឈ្មោះថា Bach Long នេះស្ថិតនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីទីក្រុងហាណូយ ក្នុងតំបន់ទេសចរណ៍ភ្នំ Moc Chau Island Tourist Area នៃខេត្ត Son La ប្រទេសវៀតណាម។

ដោយមានកម្ពស់ផុតពីដីប្រមាណ១៥០ម៉ែត្រ កម្រាលនៃស្ពាននេះត្រូវបានក្រាលដោយកញ្ចក់បារាំង ដ៏រឹងមាំដែលមាន៣ស្រទាប់ ហើយទ្រដោយប្រព័ន្ធខ្សែកាបរបស់កូរ៉េខាងត្បូង។

យោងតាមការព្យាករណ៍ ការសម្ពោធស្ពាននេះ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើននៅក្នុងខេត្តនេះ ប៉ុន្តែក្នុងមួយលើក មនុស្សត្រឹមតែ៥០០នាក់ប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឱ្យដើរលើស្ពាននេះ ដើម្បីធានាសុវត្ថិភាព។

ស្ពាននេះត្រូវបានគេបង្ហោះ និងចែករំលែករំលែកល្បីសុសសាយពេញបណ្ដាញទំនាក់ទំនងសង្គម ហើយក្រុមមន្ត្រីវៀតណាម បានដាក់សំណើទៅកំណត់ត្រាពិភពលោក Guinness ហើយដើម្បីសុំការបញ្ជាក់ទទួលស្គាល់ជាផ្លូវការថា ស្ពាននេះជាស្ពានកញ្ចក់វែងបំផុត ក្នុងពិភពលោកនេះ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here