អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញលើកឡើងពីស្ថានភាពលំហូរទុនវិនិយោគក្នុងស្រុក និងអន្តរជាតិមកកាន់កម្ពុជា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់ មើលមិនទាន់ឃើញសញ្ញាប្រែប្រួលនៃលំហូរទុនវិនិយោគក្នុង និងក្រៅប្រទេសចាក់ចូលសេដ្ឋកិច្ចជាតិនៅឡើយទេ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២២ មេសាថា សន្ទុះនៃការវិនិយោគនៅមានកម្រិតទាំងវិនិយោគក្នុងស្រុក និងមកពីបរទេស មិនមានអ្វីគួរឲ្យកត់់សំគាល់នោះទេ ទាំងវិនិយោគិនក្នុងស្រុក និងមកពីបរទេស បើទោះមានចរន្តប្រជាជនចេញដើរកំសាន្តច្រើនក្តី ប៉ុន្តែអ្វីៗហាក់មិនទាន់មានសញ្ញាវិជ្ជមានទេ។

អ្នកស្រីបន្តថា “បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការបិទរឹតបន្តឹងការធ្វើដំណើររបស់ប្រទេសចិន និងបញ្ហាមួយចំនួនទៀត សុទ្ឋតែជាបញ្ហាប្រឈម ដែលវិនិយោគិននៅតែរង់ចាំមើល”។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ស្ថានភាពលំហូរទុនវិនិយោគពីក្រៅប្រទេស នៅតែមានសភាពស្ងប់ស្ងាត់ បើសិនជាមានវិនិយោគិនចូលមក ក៏ជាវិនិយោគិនចាស់ៗ ដែលបានមានអាជីវកម្មនៅទីនេះស្រាប់។

លោកបន្តថា “ទោះជាយ៉ាងណាវិស័យអចលនទ្រព្យ នៅតែដំណើរការខ្លះៗផងដែរ ដោយនៅតែមានអ្នកវិនិយោគសំរាប់់អចលនទ្រព្យ ដែលមានតម្លៃល្អ”។ លោកបន្តថា “ទីផ្សារអចលនទ្រព្យមិនជាប់គាំងទេ ដរាបណាស្ថាប័នហិរញ្ញវត្ថុនានានៅតែផ្តល់ឥណទាន”។

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅ ដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ មានបុរីជាច្រើន បានធ្វើគំរោងរបស់ពួកគេយឺតៗ ដោយសារការលក់ធ្លាក់ចុះខ្លាំង ចាប់តាំងពីមានបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយរយៈពេលជិត២ខែមកនេះ។

អ្នកឧកញ៉ាបានបន្តថា “ការលក់លំនៅដ្ឋាន ពិតជាមានសភាពស្ងប់ស្ងាត់ខ្លាំង ដែលធ្វើឲ្យម្ចាស់គម្រោងមួយចំនួនបានពន្យាពេល និងពន្យាល្បឿននៃការសាងសង់របស់ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here