ដោយៈសុខុម
គៀវ: អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង របស់សហរដ្ឋអាមេរិក ទៅកាន់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បញ្ឆេះសង្គ្រាមូលឈ្លានពានកាលពី២ខែមុន រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានប្ដេជ្ញាផ្តល់ជំនួយយោធាបន្ថែម រួមទាំងសព្វាវុធទំនើបៗ និងការបញ្ជូនបេសកជនអាមេរិក ទៅកាន់ទីក្រុងគៀវឡើងវិញផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចស្ងាត់ ដោយមិនបានប្រកាសជាសាធារណៈ ដើម្បីបង្ហាញពីការគាំទ្ររបស់លោកខាងលិចនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodomyr Zelenskiy និងមន្ត្រីកំពូលផ្សេងទៀតនៅរដ្ឋធានីគៀវ កាលពីល្ងាចថ្ងៃអាទិត្យ ទី២៤ ខែមេសា បន្ទាប់ពីការធ្វើដំណើរតាមរថភ្លើងចេញពីប្រទេសប៉ូឡូញ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយថ្មីបន្ថែម ដែលគិតជាទំហំទឹកប្រាក់៧១៣លានដុល្លារ សម្រាប់រដ្ឋាភិបាលរបស់លោក Zelenskiy និងប្រទេសដទៃទៀតនៅក្នុងតំបន់ ដែលភ័យខ្លាចការឈ្លានពានពីសំណាក់រុស្ស៊ី។
មន្ត្រីអាមេរិក មួយរូបបានទម្លាយឱ្យដឹងថា ជំនួបរវាងគណៈប្រតិភូអាមេរិក និងមេដឹកនាំអ៊ុយក្រែន នេះមានរយៈពេលដល់ទៅ៣ម៉ោងឯណោះ។
មុនដំណើរទស្សនកិច្ចរបស់លោក Antony Blinken និង លោក Lloyd Austin អ៊ុយក្រែន បានធ្វើបញ្ជីរាយនាមអាវុធ ដែលខ្លួនត្រូវការជាបន្ទាន់ពីសហរដ្ឋអាមេរិក ដូចជា ប្រព័ន្ធប្រឆាំងមីស៊ីល ប្រព័ន្ធប្រឆាំងយន្តហោះ រថពាសដែក និងរថក្រោះ។ នេះបើយោងតាមលោក Igor Zhovkva ដែលជាជំនួយការរបស់លោក Zelenskiy បានប្រាប់សារព័ត៌មាន NBC News កាលពីថ្ងៃអាទិត្យកន្លងទៅ។
សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់បក្ស សម្ព័ន្ធយោធា NATO បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច នៅក្នុងការផ្គត់ផ្គង់សព្វាវុធធុនធ្ងន់ និងប្រព័ន្ធសព្វាវុធកាន់តែទំនើបជាងមុន។ តួយ៉ាងអង់គ្លេស បានសន្យាបញ្ជូនរថយន្តយោធា និងកំពុងពិចារណាផ្គត់ផ្គង់រថក្រោះអង់ គ្លេស ទៅប៉ូឡូញ ដើម្បីរំដោះរថក្រោះរុស្ស៊ី T-72 សម្រាប់អ៊ុយក្រែន។
ដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក លើកនេះបានគូសបញ្ជាក់ពីការប្រែប្រួលនៅក្នុងសង្គ្រាម ចាប់តាំងពីកងកម្លាំងអ៊ុយក្រែន ដែលបំពាក់ដោយសព្វាវុធយ៉ាងច្រើន ពីប្រទេសលោកខាងលិច បានវាយបកទៅលើកងទ័ពរុស្ស៊ី ដែលចូលលុកលុយរដ្ឋធានគៀវ។
រហូតមកទល់ពេលនេះ រុស្ស៊ី មិនទាន់មានសមត្ថភាពអាចវាយដណ្ដើមកាន់កាប់ទីក្រុងធំណាមួយបាននៅឡើយទេ ចាប់តាំងពីខ្លួនបានបញ្ឆេះស ង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ៕ Reuters៕