ដោយៈសុផារី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងដំណើរការសាងសង់កំពង់ផែរណបចំនួន៧បន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក នៅជុំវិញប្រទេសកម្ពុជា មកកាន់រាជធានីភ្នំពេញ និងសម្រាប់ការដឹកជញ្ជូន ក្នុងការនាំចេញទំនិញយុទ្ធសាស្ត្រ ទៅកាន់បរទេស។

នេះបើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។
-->
ផែរណបទាំង៧នោះ រួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦) ចំណតផែនកុងតឺន័រ LM១៧ ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១) ចំណតផែរណបពហុបំណងទន្លេបិទ (UN២) ដែលគ្រោងបើកដំណើរការក្រោយពីនោះ៣ ទៅ៤ខែ។ ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ) ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកមាក់។

លោកស៊ុន ចាន់ថុល មានប្រសាសន៍ឱ្យដឹងថា “យើងមានផែនការសាងសង់កំពង់ផែរណបចំនួន៧ ដើម្បីឱ្យងាយស្រួលក្នុងការប្រមែប្រមូលទំនិញទូទាំងប្រទេសយើង ដើម្បីចូលមកកំពង់ផែភ្នំពេញ ហើយយកទៅលក់នៅបរទេស”៕
