ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ដំណាច់ខែមីនា ២០២២ ការនាំចេញនាំចូលទំនិញ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ របស់កម្ពុជាមានទំហំទឹកប្រាក់ជាង៧១០លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១កន្លងទៅមានការកើនឡើងប្រមាណជាង៥០ភាគរយ ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើង៩,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានចំនួន៥,៧១ពាន់លានដុល្លារអាមេរិក កើនឡើង២៥,៧ភាគរយ ការនាំចូលមានចំនួន៧,៤៤ពាន់លានដុល្លារ ធ្លាក់ចុះ០,៩ភាគរយ។
នាពេលបច្ចុប្បន្ននេះ សហគ្រាសចំនួន១៧០ មកពីប្រទេសចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍ និងប្រទេស និងតំបន់ផ្សេងទៀតត្រូវបានបញ្ចូលទៅក្នុងតំបន់នេះ បង្កើតការងារបានជិត៣ម៉ឺននាក់។
ក្នុងឆ្នាំ២០២១ ទោះបីជាមានការប្រឈមនឹងបញ្ហានៃការរាតត្បាតនៃជំងឺកូវីដ១៩ក្ដី សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានទំហំនាំចូល និងនាំចេញសរុបចំនួន ២,២៣ពាន់លានដុល្លារអាមេរិក កើនឡើង ៤២,៧៥ភាគរយ ធៀបទៅនឹងឆ្នាំ២០២១កន្លងទៅ។ ការសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះបានបង្ហាញពីភាពរឹងមាំនៃអាជីវកម្មក្នុងស្រុក ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលជិតរួចរាល់ស្ទើរទាំងស្រុងទៅហើយនោះ នឹងធ្វើឱ្យប៉ូលសេដ្ឋកិច្ច ខេត្តព្រះសីហនុកាន់តែមានសន្ទុះងើបឡើងបន្ថែមទៀត ហើយនឹងអាចទាក់ទាញការវិនិយោគបន្ថែមទៀតទៅកាន់ខេត្តព្រះសីហនុ៕