ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាបានបង្កកថវិកាចំនួនចំនួន៣០ពាន់លានរៀល ក្នុងរយៈពេលបួនឆ្នាំ ដោយសរុបចំនួន១២០ពាន់លានរៀល ស្មើនឹង៤០លានដុល្លារអាមេរិក ដើម្បីត្រៀមការប្រកួតមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោបានមានប្រសាសន៍ថា “សម្រាប់ឆ្នាំក្រោយនេះ យើងបានបង្កកថវិកាចំនួនបួនឆ្នាំហើយ ប៉ុន្មានថ្ងៃមុន ខ្ញុំចាប់ផ្តើមបង្កកបន្ថែមចំនួន៣០ពាន់លានរៀល អញ្ជើញបួនឆ្នាំ តម្រូវការរបស់យើងគឺ១២០ពាន់លានរៀល ស្មើនឹង៤០លានដុល្លារអាមេរិក ដើម្បីត្រៀមការប្រកួតកីឡាឆ្នាំក្រោយ ដែលត្រូវចាយលុយ។ មិនមែនយកលុយសម្រាប់តែឆ្នាំ២០២៣ទេ នេះជាឆ្នាំទី៣ហើយ។ ឆ្នាំក្រោយត្រូវដាក់៣០ពាន់លានរៀលបន្ថែមទៀត បម្រើឱ្យការប្រកួត”។
សម្តេចតេជោបានលើកឡើងពីមូលហេតុ ដែលកម្ពុជាមិនទាន់បានត្រៀមខ្លួន ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថា ដោយសារប្រទេសកម្ពុជាត្រូវការយកថវិការទៅប្រើប្រាស់ នៅក្នុងការអភិវឌ្ឍលើវិស័យអាទិភាពផ្សេងៗ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ សម្តេចថ្លែងថា “ខ្ញុំបានស្នើឱ្យមេដឹកនាំអាស៊ានធ្វើការយោគយល់ដល់កម្ពុជា កម្ពុជាត្រូវការថវិកាដើម្បីបម្រើឱ្យការអភិវឌ្ឍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ”។
សម្តេចបានថ្លែងបន្តថា នៅក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាមានមូលដ្ឋាន និងបានត្រៀមខ្លួនសម្រាប់មហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយសារតែប្រទេសចិនបានជួយពហុកីឡដ្ឋានមរតកតេជោដ៏ធំសម្រាប់ការប្រកួត ជាមួយនឹងមូលដ្ឋានដែលយើងបានរៀបចំមួយចំនួនរួចមកហើយ បូកផ្សំនឹងសមិទ្ធផល ដូចជា ពហុកីឡាដ្ឋានអូឡាំពិក ដែលជាកេរមរតករបស់ព្រះករុណាព្រះបរមរតនកោដ្ឋ៕