ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ស្របពេលស្ថានភាពនៃវិបត្តិជំងឺឆ្លង ក្នុងប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង កម្ពុជាបាននិងកំពុងបង្ហាញកាលានុវត្តភាព និងសក្ដានុពល នៃការវិនិយោគដល់បណ្ដាវិនិយោគិនបរទេស ដើម្បីចូលមកស្វែងរកការបណ្ដាក់ទុនទៅតាមវិស័យនានា។
ជាក់ស្តែងកាលពីថ្ងៃទី២៨ មេសា ២០២២កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចសន្ទនាតុមូលរវាងកម្ពុជា និងអូស្ត្រាលីស្ដីពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
កិច្ចសន្ទនានេះក៏មានការចូលរួមពីសំណាក់លោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័នចំនួន១២ របស់រាជរដ្ឋាភិបាលកម្ពុជា វិនិយោគិនអូស្រ្តាលីដែលកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជា ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ៦០រូប។
លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា គោលបំណងនៃកិច្ចសន្ទនាតុមូល គឺដើម្បីផ្តល់ឱកាស ជូនវិនិយោគិន និងមន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជួបពិភាក្សាអំពី កាលានុវត្តភាពវិនិយោគ និងបញ្ហាប្រឈមនានា សំដៅរួមគ្នារកវិធីដោះស្រាយ។
កិច្ចពិភាក្សាក្នុងកិច្ចសន្ទនាតុមូលនាពេលនេះ ក៏នឹងក្លាយជាមូលដ្ឋាននៃការរៀបចំសៀវភៅស្តីពី ឧត្តរមានុវត្តន៍សម្រាប់កិច្ច សម្រួលវិនិយោគនៅកម្ពុជា ដែលគម្រោងនេះ គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីផងដែរ។
លោកបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់រដ្ឋាភិបាលកម្ពុជាក្នុង ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចអនុញ្ញាតឱ្យមានការជួបប្រាស្រ័យគ្នាដោយផ្ទាល់ ក្នុងកិច្ចសន្ទនាតុមូលនាពេលនេះ ។ កត្តានេះបានបង្ហាញថា កម្ពុជាជាប្រទេសមានសុវត្ថិភាព បានបើកទ្វារ និងរង់ចាំទទួលស្វាគមន៍ការវិនិយោគ ។
អ្នកជំនាញអចលនទ្រព្យកម្ពុជាជាច្រើនបានរំពឹងថា វិនិយោគិនក្រៅប្រទេសនឹងវិលត្រលប់ ចូលមកស្វែងរកការវិនិយោគ នៅក្នុងប្រទេសកម្ពុជាឡើងវិញនៅពេលឆាប់ៗនេះ ក្រោយពីវិបត្តិកូវីដ១៩បញ្ចប់ទៅវិញបណ្ដើរៗ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញពីសក្ដានុពលមួយចំនួន សម្រាប់វិនិយោគិនបរទេស ក្នុងការពិចារណាបណ្ដាក់ទុនវិនិយោគ ដូចជាកត្តាសុខសន្តិភាព ច្បាប់វិនិយោគថ្មី សក្ដានុពលកំលាំងពលកម្មនៅក្នុងប្រទេស និងការបើកទូលាយ ដល់ការទូទាត់ប្រាក់នៅក្នុងប្រទេស ដោយមិនតម្រូវឱ្យទូទាត់តែប្រាក់រៀលមួយមុខជាដើម៕