ដោយ វឌ្ឍនា
កែបៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្រកាសទំលាក់ទុនប្រមាណ១០០លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់ឆ្នេរក្នុងខេត្តសំខាន់ៗចំនួន៤របស់កម្ពុជា។
ទំហំឥណទានដ៏ក្រាស់ក្រែននេះ ធ្វើឡើងតាមរយៈគម្រោងស្តីពីជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព។
អភិបាលរងខេត្តកែប លោក វ៉ៅ សុខា បានបង្ហើបឲ្យដឹងនូវព៌តមាននេះ ក្នុងពេលលោកជួបជាមួយ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកSaunder Lindsay។
ក្នុងទំហំឥណទាន១០០លានដុល្លារនេះ ធនាគារADBផ្តល់ទឹកប្រាក់ សរុប៧០លានដុល្លារ និងភ្នាក់ងារអភិវឌ្ឍបារាំងចំនួន៣០លានដុល្លារអាមេរិក។ តំបន់ K4 ជាការសំដៅដល់ខេត្ត ជាប់មាត់សមុទ្រចំនួន៤រួមមាន ខេត្ត កោះកុង ព្រះសីហនុ កំពត និងកែប។
អភិបាលរងខេត្តកែប លោកវ៉ៅ សុខា បានឱ្យដឹងទៀតថា ខេត្តកែប នឹងមានគម្រោងជាច្រើន រួមមានការអភិវឌ្ឍចំណតទូកចំនួន៤ទីតាំង នៅក្រុងកែប និងស្រុកដំណាក់ចង្អើរ សម្រាប់សម្រួលដល់ការចតទូក របស់ប្រជានេសាទ និងភ្ញៀវទេសចរណ៍ ឱ្យកាន់តែល្អប្រសើរឡើង។
ធនាគារអភិវឌ្ឍន៍អាស៊ី បាននិងកំពុងជួយកសាង ផ្លូវបេតុងប្របមាត់សមុទ្រប្រវែងជាង១២គីឡូម៉ែត្រ ទីលានកប់សំរាម និងផែទេសចរណ៍នៅកោះទន្សាយផងដែរ៕