ដោយ៖ សុផារី
រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចថា ខ្លួននឹងសងសឹកលឿនដូច “ផ្លេកបន្ទោរ” ទៅកាន់ប្រទេសណាមួយ ដែលធ្វើអន្តរាគមន៍ក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ហើយបង្កើតនូវអ្វី ដែលលោកហៅថាជា “ការគំរាមកំហែងជាយុទ្ធសាស្ត្រលើប្រទេសរុស្ស៊ី”។
លោកពូទីនបាននិយាយថា “យើងមានឧបករណ៍គ្រប់គ្រាន់ដើម្បីសងសឹក ដែលគ្មាននរណាម្នាក់មាននោះឡើយ ហើយយើងនឹងប្រើវា ប្រសិនបើចាំបាច់”។ ឧបករណ៍ ដែលលោកពូទីនលើកឡើងនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា សំដៅទៅលើឃ្លាំងអាវុធនៃកាំជ្រួចផ្លោងអន្តរទ្វីប និងអាវុធនុយក្លេអ៊ែរ។
ប្រទេសរុស្សី បានបង្កការភ្ញាក់ផ្អើលដល់សហគមន៍អឺរ៉ុប ដោយបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសប៉ូឡូញ និងប៊ុលហ្គារី កាលពីថ្ងៃពុធ ដោយសារប្រទេសទាំងពីរបានបដិសេធមិនព្រមបង់ថ្លៃឧស្ម័នជាប្រាក់រូពីរបស់រុស្ស៊ី ដូចដែលទីក្រុងម៉ូស្គូបានទាមទារ។
ចំណាត់ការនេះកើតឡើង ស្របពេលដែលភាពតានតឹងនៅតែមានកម្រិតខ្ពស់ រវាងសម្ព័ន្ធមិត្តលោកខាងលិច និងរុស្ស៊ី បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov កាលពីថ្ងៃចន្ទ បាននិយាយថា ការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ គឺគួរត្រូវបានកត់សម្គាល់ ហើយមិនមាននរណាម្នាក់អាចប៉ាន់ស្មានពីហានិភ័យបានឡើយ។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានស្នើឱ្យសភាអាមេរិក អនុម័តកញ្ចប់ប្រាក់បន្ថែមចំនួន៣៣ពាន់លានដុល្លារ សម្រាប់សង្គ្រាមអ៊ុយក្រែន ដែលរួមមានការផ្តល់មូលនិធិសម្រាប់ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកដល់ប្រទេស ដែលមានជម្លោះ និងការផ្តល់រួមគ្នានៃសាច់ប្រាក់ផ្ទាល់ និងការផ្គត់ផ្គង់នានា ដល់ប្រទេសអ៊ុយក្រែន៕