អ្នកជំនួញសម្រុកទិញដីក្នុងខេត្តកំពង់ឆ្នាំង ព្រោះក្តីរំពឹងលើការបង្កើត ខេត្តថ្មីឧដុង្គមានជ័យ

0

ដោយៈសុផារី

ភ្នំពេញៈ ដំណឹងទាក់ទងនឹងការបង្កើតរដ្ឋបាលខេត្តថ្មី “ខេត្តឧដុង្គមានជ័យ” ធ្លាប់ត្រូវបានលេចឮពីមាត់មួយទៅមាត់មួយ ហើយក៏មានអ្នកជំនាញនៅក្នុងវិស័យនេះអះអាងថា រដ្ឋាភិបាលធ្លាប់បានប្រកាស ពីគម្រោងដ៏ធំមួយនេះផងដែរ តែក្រោយមកត្រូវបានផ្អាកទៅវិញ។

ទោះបីជាដំណឹងនេះបានស្ងប់ស្ងាត់ ក្នុងមួយរយៈពេលចុងក្រោយក្តី អ្នកជំនួញនៅក្នុងវិស័យដីធ្លី នៅតែមានក្តីសង្ឃឹមខ្ពស់ លើការកកើតឡើងនៃគម្រោងនេះ ដោយគេសង្គេតឃើញមានការបន្ត ទៅប្រមូលទិញដីធ្លីនៅក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច នៃខេត្តកំពង់ឆ្នាំង ដែលបានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នេះមានការកើនឡើងខ្ពស់។

លោក ហ៊ិន រស់ ម្ចាស់គម្រោងផ្ទះនិងដីឡូតិ៍លំហែរចំការដូងរីសត មានប្រសាសន៍ប្រាប់គេហទំព័រ Property Area កាលពីសប្តាហ៍មុនថា អ្នកមានធនធានជាច្រើន បានចាប់ផ្តើមសម្រុកទៅទិញដី នៅតាមបណ្តោយផ្លូវជាតិលេខ៥ ជាពិសេសនៅក្នុងតំបន់ផ្សារត្រាច និងសាលាលេខ៥ ជាដើម ដោយសារតំបន់នេះសម្បូររោងចក្រច្រើន។

ចំពោះអតិថិជនដែលមានការចាប់អារម្មណ៍ ក្នុងការស្វែងរកទិញផ្ទះនៅក្នុងតំបន់ខាងលើនេះ ភាគច្រើនជាអតិថិជនមកពីភ្នំពេញ និងអតិថិជននៅក្នុងមូលដ្ឋានផ្ទាល់តែម្តង មាននៅផ្សារឧដុង្គ ផ្សារត្រាច ផ្សារសាលាលេខ៥។

លោក ហ៊ិន រស់ លើកឡើងពីសក្តានុពលសំខាន់ៗ នៃតំបន់សាមគ្គីមានជ័យថា ទី១ ផ្លូវជាតិលេខ៥នេះ ជាផ្លូវដែលកំពុងត្រូវបានសាងសង់ថ្មី ជាផ្លូវភ្លោះផ្លូវអាស៊ានថ្មី ដែលសាងសង់ជិតរួចរាល់ហើយ ទី២ គម្រោងលំនៅ   ដ្ឋានទាំងឡាយណា ដែលមានទីតាំងជិតសាលាលេខ៥ ត្រូវបានចាត់ទុកថា ជាទីតាំងនៅជិតរាជធានីភ្នំពេញ។

ទី៣ តំបន់ខាងលើនេះត្រូវជាមុំ៣ នៃខេត្តសក្តានុពល រួមមានខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ទី៤ ការនិយាយតៗគ្នាពាក់ព័ន្ធនឹងការបង្កើតនូវក្រុងឧដុង្គមានជ័យ ដែលអតិថិជនមួយចំនួននៅមានក្តីសង្ឃឹមថា អចលនទ្រព្យរបស់ខ្លួននឹងមានតម្លៃថ្លៃ នៅពេលដែលក្រុងមួយនេះត្រូវបានបង្កើតឡើងនាពេលអនាគត និងទី៥ ដីនៅក្នុងតំបន់នៅមានដីធ្លីនៅសម្បូរច្រើន និងមានតម្លៃសមរម្យ។

លោកបានមានប្រសាសន៍ថា “អ្នកជំនួញមួយចំនួន នៅតែមានក្តីសង្ឃឹ​មលើការប្រកាសពីការបង្កើតនូវខេត្តថ្មី គឺខេត្តឧត្តុង្គគីមានជ័យ ដែលមានស្រុកសាមគ្គីមានជ័យ ស្រុកពញាឮ ស្រុកឧដុង្គ បញ្ចូលគ្នាចេញជាខេត្តឧដុង្គមានជ័យ បើតាមអ្វីដែលអ្នកជំនួយសិក្សាមើលទៅ”។

លោកបញ្ជាក់ថា “តាមពិតរដ្ឋាភិបាលធ្លាប់បាន ប្រកាសពីគម្រោងនេះរួមមកហើយ ប៉ុន្តែត្រូវបានផ្អាកវិញ។ ប៉ុន្តែវានៅតែអាចមានការកើតឡើង។ ជាពិសេស មួយរយៈនេះ ផ្លូវជាតិលេខ៥ ធ្វើរួចរាល់ប្រហែល៩០ភាគរយ អញ្ចឹងការធ្វើដំណើរមានភាពងាយស្រួល។ ម្យ៉ាងទៀតចាប់ពីផ្សារឧដុង្គ មកដល់ម្តុំសាលាលេខ៥ មានផ្សារច្រើន និងមានតំបន់ប្រវត្តិសាស្រ្តលង្វែកផងដែរ”។

លោកបន្ថែមថា “ដីនៅកំពង់ឆ្នាំងមានភាពងាយស្រួល ក្នុងការអភិវឌ្ឍ មានទីតាំងទួល និងសម្បូរប្រភពទឹកដែលស័ក្តិសម សម្រាប់ការអភិវឌ្ឍតំបន់លំហែកាយ និងរីសត”។ លោកបន្តថា “ឥឡូវនេះមានគេមកអភិវឌ្ឍន៍ច្រើនណាស់ ជាពិសេសក្នុងស្រុកសាមគ្គីមានជ័យ ដោយសារតែដីនៅទូលា​យ មានតម្លៃសមរម្យ បើប្រៀបធៀបខេត្តកណ្តាលម្តុំផ្លូវជាតិលេខ៥១ វាថ្លៃខ្លាំងណាស់ យកមកកាត់គម្រោងកាត់មិនបានទេ”។

ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ផ្នែកកភូមិបាល ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្្នាំង បានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុងឧត្តុងសែនជ័យនឹងត្រូវបង្កើតឡើងនាពេលអនាគត ព្រោះថ្នាក់ដឹកនាំនាពេេលអនាគតនឹងបង្កើតខេត្តឬក្រុងថ្មីនេះ ដែលបច្ចុប្បន្នមានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បាននិងកំពុងប្រមូលទិញដី នៅក្នុងមូលដ្ឋានខាងលើនេះច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here