ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋាន ដែលមានលក្ខណៈជាបុរី បានចាប់ផ្ដើមសម្លឹងរកការវិនិយោគរបស់ខ្លួននៅក្រុងតាខ្មៅជាបន្តបន្ទាប់ ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយនេះ វិនិយោគិនក្នុងស្រុក បានបញ្ចេញសកម្មភាព ក្នុងការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួនៅក្រុងតាខ្មៅ ជាពិសេសក្រោយពេលរដ្ឋាភិបាល បានប្រកាសពីការបើកប្រទេសឡើងវិញ ។
គម្រោងបុរីធំៗដូចជា បុរីភ្នំពេញថ្មី ដែលមានបទពិសោធន៍លើអភិវឌ្ឍន៍បុរីជាង១០ឆ្នាំមកហើយក៏បានបង្ហាញវត្តមានរបស់ខ្លួន នៅទឹកដីក្រុងតាខ្មៅ នៃខេត្តកណ្ដាលផងដែរ ក្នុងនោះក៏បានប្រកាសបើកលក់ និងបើកការដ្ឋានសាងសង់លំនៅឋានបែបអាជីវកម្មជាច្រើនរយល្វែងចំកណ្ដាលនៃក្រុងតាខ្មៅ ។
កញ្ញាវ៉ាន់ ស្រីអូន តំណាងបុរីភ្នំពេញថ្មី ក្រុងតាខ្មៅបានឱ្យដឹងតាមទូរស័ព្ទថា ក្រោយពេលរាជរដ្ឋាភិបាលបានប្រកាស ពីការបើកប្រទេសឡើងវិញ ក្រុមហ៊ុន ក៏បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងនៅក្រុងតាខ្មៅ និងចាប់ផ្ដើមប្រកាសលក់គម្រោងជាផ្លូវការផងដែរ ។ ជាការកត់សម្គាល់ ចាប់តាំងពីក្រុមហ៊ុនបានបើកលក់កាលពីថ្ងៃទី៦ វិច្ឆិកា២០២១ឃើញថាមានអតិថិជនជាច្រើន បានចាប់អារម្មណ៍មកលើគម្រោងដែលធ្វើឱ្យការលក់គម្រោង ទទួលបាន២០ភាគរយនៃគម្រោងទាំងមូលផងដែរ ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance Realty បានមានប្រសាសន៍តាមទូរសព្ទនៅថ្ងៃដដែលថា ក្រុងតាខ្មៅបានក្លាយជាតំបន់មួយ ដែលមានសក្ដានុពល ក្នុងការអភិវឌ្ឍលើលំនៅឋាន សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងតំបន់នោះផង និងប្រជាពលរដ្ឋដែលចេញពីភ្នំពេញ ទៅរកតំបន់ជាយៗរាជធានីភ្នំពេញផង ។ ម្យ៉ាងទៀតក្រុងតាខ្មៅ ក៏នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ដែលធ្វើឱ្យពលរដ្ឋធ្វើការនៅក្រុងភ្នំពេញ ហើយមកសម្រាកនៅផ្ទះនាក្រុងតាខ្មៅវិញ ។
លោកបន្តថា “ក្រុងតាខ្មៅក៏មានគម្រោងផ្លូវក្រវ៉ាត់ក្រុងរត់កាត់ ព្រមជាមួយនឹងការអភិវឌ្ឍផ្លូវជាច្រើនខ្សែទៀត ធ្វើឱ្យតំបន់នេះក្លាយជាតំបន់ទាក់ទាញ ដល់ការរស់នៅនិងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ”។ លោកបន្តថា “តំបន់នេះក៏មានការអភិវឌ្ឍទៅលើគម្រោងអគារខុនដូរួចស្រេចហើយ ដូច្នេះមិនយូរទេវានឹងមានការអភិវឌ្ឍ លើខុនដូជាបន្តបន្ទាប់ដូចគ្នាដែរ”។
ចំណែកលោក ឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី ក៏បានឱ្យដឹងផងដែរថាការអភិវឌ្ឍផ្លូវធំៗ និងការអភិវឌ្ឍគម្រោងធំៗមួយចំនួន ដូចជា គម្រោងរោងចក្រស្រាបៀររបស់ក្រុមហ៊ុនវឌ្ឍនៈ បានជំរុញឱ្យក្រុងតាខ្មៅ កាន់តែមានការទាក់ទាញបន្ថែមទៅសក្ដានុពលលំនៅឋាននិងពាណិជ្ជកម្ម ។
លោកបន្តថា “នៅពេលអនាគតក្រុងតាខ្មៅ នឹងមានការទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតទៅលើលំនៅឋាន ហើយការអភិវឌ្ឍនេះ ក៏ត្រូវមានការបែងចែកជាលំនៅឋានសម្រាប់អ្នកមានចំណូលខ្ពស់ និងលំនៅឋានសម្រាប់អ្នកមានចំណូលទាប និងមធ្យមផងដែរ”៕