ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ថា ទីផ្សារដីធ្លីនឹងហោះឬផ្ទុះឡើងមុនគេ ក្រោយវិបត្តិជំងឺកូវីដបញ្ចប់នាពេលខាងមុខនេះ។
លោកបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ ពិសេសនាព្រឹកថ្ងៃទី១៣ ឧសភានេះថា ស្ថានភាពវិស័យអចលនទ្រព្យឆ្នាំ២០២១ បានរងគ្រោះខ្លាំងជាងឆ្នាំ២០២០ ដោយសារការបិទការធ្វើ់ដំណើរ និងការខ្ទប់រាធានី និងខេត្តមួយចំនួន ប៉ុន្តែវិស័យនេះនឹងងើបឡើងលឿន អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ។
-->
លោកបន្តថា “ពេលចប់កូវីដ សំណួរសួរថាតើវិស័យដីធ្លី នឹងងើបឡើងវិញលឿនឬយ៉ាងណា វាអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល ប៉ុន្តែខ្ញុំយល់ថាក្រោយវិបត្តិ កូវីដវិស័យដីធ្លីនឹងហោះឡើងតែម្តង ព្រោះពេលវាគាំងយូរ ពេលបើកវិញវានឹងហោះឡើង”។
លោកបន្តដោយលើកជាឧទាហរណ៍ថា វិស័យដីធ្លីប្រៀបដូចជាឡានចឹង ពេលបើកហើយយើងឈប់ ពេលបើកឡើងវិញវានឹងទៅមុខលឿនជាងមុន ដោយសារវាមានថាមពលជាងមុន”។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ទាក់ទងនឹងស្ថានភាពក្នុងវិស័យនេះទាំងមូល វាអាស្រ័យលើការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា គោលនយោបាយដាក់ចេញដោយរដ្ឋាភិបាល ពិសេសការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកថា តើជំងឺកូវីដនឹងអូសបន្លាយរយៈពេលវែងប៉ុណ្ណាតទៅទៀតផងដែរ។
ការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីពេលថ្មីៗនេះបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយនៅឆ្នាំនេះ ខណៈស្ថាប័នផ្សេងៗដូចជាធនាគារពិភពលោក មូលនិធិរូបិយប័ណ្ណអន្តរជាតិ បានព្យាករណ៍ស្រដៀងគ្នានេះផងដែរ៕