ព្រលានយន្ដហោះថ្មីមួយទៀតនឹងបង្ហាញខ្លួននៅក្នុងខេត្តព្រះសីហនុ

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ គម្រោងសាងសង់ព្រលានយន្តថ្មីមួយទៀត ដែលស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍ដែលវិនិយោគដោយវិស័យឯកជន គ្រោងនឹងបង្ហាញរូបរាងនៅពេលឆាប់ៗខាងមុខនេះ ស្របទៅតាមសេណារីយូដែលបានកំណត់របស់ក្រុមហ៊ុន។

តាមរយៈអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានបង្ហើបប្រាប់តាមប្រព័ន្ធសារអេឡិចត្រូនិកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះថា គម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីមួយនេះ ស្ថិតនៅក្នុងផែនការមេរបស់ក្រុមហ៊ុន Royal Group Koh Rong Development របស់អ្នកឧកញ៉ាគិត ម៉េង នៅលើកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកបន្តបញ្ជាក់ថា “គម្រោងនៃការសាងសង់ព្រលានយន្តហោះនេះ វាជាផ្នែកនៃគោលដៅអភិវឌ្ឍ ដែលស្ថិតនៅក្នុងMaster Planនៃការវិនិយោគរបស់ក្រុមហ៊ុន Royal Groupប៉ុន្តែអ្វីដែលជាអាទិភាព គឺការស្ថាបនាផ្លូវបេតុងដែលមានប្រវែង៧០គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ”។លោកបន្តថា“ការស្ថាបនាផ្លូវនេះ ត្រូវចំណាតទំហំទឹកប្រាក់ប្រមាណ៣៥លានដុល្លារ រួមជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធរណបគម្រោងផ្សេងទៀត ដែលត្រូវបញ្ចប់ឱ្យបានមុន ហើយគម្រោងព្រលានយន្តហោះចាប់ផ្តើមធ្វើបន្ទាប់”។

លោកបានបន្តថា ពាក់ព័ន្ធទៅនឹងគម្រោង នៃការសាងសង់ព្រលានយន្តហោះនេះផងដែរ បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងរង់ចាំការកែសម្រួល Master Plan ពីក្រុមហ៊ុន Royal Group Koh Rong Development ដែលទទួលបានសិទ្ធិក្នុងការវិនិយោគ និងអភិវឌ្ឍន៍ ដោយឡែកសម្រាប់ទំហំទុន នៃការសាងសង់ព្រលានយន្តហោះសម្រាប់ការដឹកជញ្ជូនក្នុងស្រុកមួយនេះ យើងនៅមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ ហើយក៏មិនទាន់ទទួលបានការសម្រេច ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះដែរ។ ដូច្នេះគម្រោងនេះនៅមិនទាន់បានបង្ហាញជាផ្លូវការជាក់លាក់ថា នឹងត្រូវអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំប៉ុន្មាន និងចំណាយទុនក្នុងការសាងសង់ក្នុងកម្រិតប៉ុណ្ណានោះដែរ។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍ នៅលើកោះរ៉ុងក្រោមការវិនិយោគ ពីសំណាក់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េងមួយនេះ ជាគម្រោងដ៏ធំលើកដំបូងនៃការអភិវឌ្ឍកោះនៅក្នុងខេត្តព្រះសីហនុឱ្យក្លាយជាទីក្រុងកម្សាន្ត និងទេសចរណ៍លំដាប់ពិភពលោក ដោយក្នុងនោះរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ទីលានវាយកូនហ្គោល កាស៊ីណូ តំបន់រីហ្សត ផែបណ្តែតទឹក ស្ពាន ប្រភេទផ្ទះវីឡាភ្ជាប់ជាមួយអាងហែលទឹក រួមជាមួយនឹងមណ្ឌលកម្សាន្តមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here