បិទព្រំដែនជាង២ឆ្នាំវិស័យទេសចរណ៍ជប៉ុនទទួលរងការខាតបង់រាប់រយពាន់លានដុល្លារអាមេរិក

0

ដោយៈសុខុម

តូក្យូ: វាមានរយៈពេលជាង២ឆ្នាំហើយ ចាប់តាំងពីប្រទេសជប៉ុន បិទព្រំដែនរបស់ខ្លួន មិនឱ្យភ្ញៀវទេសចរចូល ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ហើយពេលនេះប្រទេសនេះ កំពុងគណនាពីទំហំនៃការខាតបង់ផ្នែកទេសចរណ៍។

សាស្ត្រាចារ្យមួយរូបមកពីសកលវិទ្យាល័យកាន់សៃ (Kansai University) នៅប្រទេសជប៉ុន បានធ្វើការប៉ាន់ប្រមាណថា ការខាតបង់ ដែលបណ្ដាលមកពីអវត្តមានភ្ញៀវទេសចរបរទេស អាចមានទំហំរហូតដល់ទៅ១០,៩៦ទ្រីលានយេន (ប្រមាណ១០០ពាន់លានដុល្លារអាមេរិក)គ្រាន់តែក្នុងឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែឧសភា។

សាស្ត្រាចារ្យដែលមិនបញ្ចេញអត្តសញ្ញាណរូបនេះ បានលើកឡើងបន្ថែមទៀតថា ការខាតបង់ក្នុងរយៈពេលជាង២ឆ្នាំមកនេះ មានទំហំយ៉ាងតិច២២ទ្រីលានយេន (ប្រមាណ១៧០ពាន់លានដុល្លារអាមេរិក)។

មជ្ឈដ្ឋានជាច្រើនបានលើកឡើងជាសំណួរថា តើប្រទេសជប៉ុន នឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅពេលណា។

ក្រុមទីប្រឹក្សាផ្នែកវិស័យឯកជន កាលពីថ្ងៃទី២៧ ខែមេសា បានជំរុញរដ្ឋាភិបាលរបស់ប្រធានាធិបតី Fumio Kishida បើកព្រំដែនប្រទេសជប៉ុន ឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។

ក្រុមតំណាងអាជីវកម្មបានដាក់សំណើ ជូនក្រុមប្រឹក្សាគោលនយោ​បាយសេដ្ឋកិច្ច និងសារពើពន្ធ (Council of Economic and Fiscal Policy) ដោយលើកឡើងថា “ដើម្បីស្ដារការដាំក្បាលចុះយ៉ាងខ្លាំង នូវចំនួនភ្ញៀវទេសចរបរទេស រដ្ឋាភិបាលគួរតែបន្តឱ្យទេចរចូលឡើងវិញជាដំណាក់កាល”។

ទោះជាយ៉ាងណា រដ្ឋាភិបាលជប៉ុន មិនទាន់បានឆ្លើយតបនឹងសំណើនេះនៅឡើយទេ។ ដូចនេះការបើកព្រំដែនឡើងវិញ នៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here