ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុនអូស៊ីអាយស៊ី(OCIC)បានចុះហត្ថលេខាជាផ្លូវការជាមួយគ្រឹះស្ថាន World Citi Colleges – International (WCCI) ដែលជាគ្រឹះស្ថានអប់រំផ្នែកអាកាសចរណ៍នៅប្រទេសហ្វីលីពីន និងជាផ្នែកមួយនៃWorld Citi Group ដើម្បីសហការបង្កើតសាកលវិទ្យាល័យផ្នែកអាកាសចរណ៍ដំបូងគេនៅកម្ពុជា។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល OCIC លោក Thierry Tea អនុប្រធានOCIC និងលោក Raymond Patrick Guico ប្រធានស្ថាប័នWCCI ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកលី សុវណ្ណារិទ្ធ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
គ្រឹះស្ថានWCCI នាំមកនូវបទពិសោធន៍ជាងពីរទសវត្សរ៍ក្នុងការអប់រំផ្នែកអាកាសចរណ៍ រួមទាំងការបណ្តុះបណ្តាលជាក់ស្តែង និងការតភ្ជាប់ជាមួយឧស្សាហកម្ម។
តាមរយៈភាពជាដៃគូជាមួយOCIC សាកលវិទ្យាល័យថ្មីនេះនឹងផ្តល់កម្មវិធីថ្នាក់បរិញ្ញាបត្រចំនួន៣ រួមមាន ជំនាញវិស្វកម្មថែទាំយន្តហោះ ជំនាញគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ និងជំនាញគ្រប់គ្រងទេសចរណ៍ ជាមួយកម្មវិធីបណ្តុះបណ្តាលបុគ្គលិកបម្រើការលើយន្តហោះ។
កម្មវិធីសិក្សាទាំងនេះ នឹងផ្តល់ឱកាសជូនទៅឱ្យនិស្សិតកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញឯកទេស និងស្តង់ដារអន្តរជាតិ នៅក្នុងប្រទេសរបស់ខ្លូន ខណៈដែលនាំយកបទពិសោធន៍បញ្ជូលគ្នារវាងប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន៕







