ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(អ៊ែរ ខេមបូឌា/K6) ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា បានប្រកាសគម្រោង បើកជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ឡើងវិញ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦។
នេះជាការស្តារខ្សែជើងហោះហើរ ដែលធ្លាប់ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍មុនរបស់ខ្លួន (ក្រុមហ៊ុនអាកាសចរណ៍ ជាតិកម្ពុជា អង្គរ(ខេមបូឌា អង្គរ អ៊ែរ/K6)ឡើងវិញ។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចឬណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានឲ្យដឹងថា ការបើកជើងហោះហើរឡើងវិញនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តផ្នែកប្រតិបត្តិការដែលកំពុងកើនឡើង របស់ក្រុមហ៊ុន និងការប្តេជ្ញាចិត្តក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់អាស៊ាន និងអនុតំបន់ មេគង្គ ឱ្យកាន់តែស៊ីជម្រៅ។
លោកបញ្ជាក់ថា “ជើងហោះហើរដែលគ្រោងនេះ នឹងតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ(KTI/TIA) នៅរាជធានីភ្នំពេញ ជាមួយអាកាសយានដ្ឋានអន្តរជាតិវត្តតៃ(VTE) នៅរដ្ឋធានីវៀងចន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ឡាវ)។
ក្រុមហ៊ុននឹងប្រើប្រាស់ប្រភេទយន្តហោះ COMAC C909 ឬប្រភេទយន្តហោះសមស្របផ្សេងទៀត អាស្រ័យលើភាពត្រៀមខ្លួនផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការ ព្រមទាំងការអនុលោមជាធរមាន តាមតម្រូវការសុពលភាពហោះហើរ សុវត្ថិភាព និងបទប្បញ្ញត្តិ ទាំងនៅកម្ពុជា និងនៅឡាវ។

ព័ត៌មានលម្អិតផ្នែកប្រតិបត្តិការទាំងអស់ នឹងត្រូវធ្វើការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(អ៊ែរ ខេម បូឌា/K6) ដែលអាចមានការកែសម្រួល ស្របតាមលទ្ធភាពយន្តហោះ និងការអនុលោមតាមតម្រូវការទប្បញ្ញត្តិ របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសទាំងពីរ។
លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា ការបើកជើងហោះហើរត្រង់ឡើងវិញរវាងភ្នំពេញ និងវៀងចន្ទ ត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ ដូចជា ទី១ សម្រាប់អ្នកដំណើរ និងភ្ញៀវទេសចរ ខ្សែជើងហោះហើរនេះនឹងផ្តល់ការតភ្ជាប់ផ្ទាល់ដ៏ងាយស្រួលរវាងរដ្ឋធានីទាំងពីរ កាត់បន្ថយរយៈពេលធ្វើដំណើរ និងពង្រីកជម្រើស សម្រាប់ការធ្វើដំណើរទេសចរណ៍ អាជីវកម្ម និងកម្សាន្ត។
ទី២ សម្រាប់កម្ពុជា និងឡាវ ជើងហោះហើរនេះនឹងជួយសម្រួលដល់ការពង្រឹងពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនទ្វេភាគី ដែលរួមចំណែកដល់សមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ស្របតាមក្របខ័ណ្ឌអាស៊ាន និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ៕








