ដោយៈ ចំណាន
ព្រះសីហនុៈ ពីស្នាមញញឹមរបស់ភូមិហ្រ្វង់កូហ្វូនី នៅរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ភាពដ៏ស្រស់ស្អាត នៃឆ្នេរសមុទ្រកម្ពុជា នៅខេត្តព្រះសីហនុ។
បន្ទាប់ពីព្រឹត្តិការណ៍ “ភូមិហ្រ្វង់កូហ្វូនី” នៅរាជធានីភ្នំពេញ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦។
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ និងលោកម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើការត្រៀមរៀបចំ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ”៕







