ដោយ គង់ សូរិយា
ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកជា ចាន់តូបានថ្លែងថា ប្រសិនបើសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិនបន្តឲ្យមានឱនភាពផ្នែកពាណិជ្ជកម្ម ហើយធ្វើឲ្យសេដ្ឋកិច្ចប្រទេសចិនធ្លាក់ចុះខ្លាំង នោះសេដ្ឋកិច្ចកម្ពុជាក៏អាចរងផលប៉ះពាល់ដោយប្រយោលផងដែរ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបិទវគ្គគូលែនទី៥ កម្រិតមូលដ្ឋានស្តីពីភាពជាអ្នកដឹកនាំ នៅធនាគារជាតិនៃកម្ពុជាថ្ងៃទី១៩ ខែតុលាកន្លងមកថា
លោកបន្តថា ការនាំចេញរបស់ប្រទេសក្នុងតំបន់ ទៅកាន់ប្រទេសចិន ត្រូវបានព្យាករណ៍ថានឹងអាចថយចុះ ប៉ុន្តែកម្ពុជាអាចរងផលប៉ះពាល់តិចតួចប៉ុណ្ណោះ ដោយសារកម្ពុជាមិនមែនស្ថិតក្នុងចង្វាក់ផលិតកម្មចម្បងរបស់ចិន ហើយការនាំចេញរបស់កម្ពុជាទៅប្រទេសចិននៅមានកម្រិតតិចតួចនៅឡើយ ។ យ៉ាងណាម៉ិញ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មនេះ ធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះខ្លាំង នោះសេដ្ឋកិច្ចកម្ពុជា ដែលមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន តាមរយៈការវិនិយោគនិងទេសចរណ៍ ក៏អាចរងផលប៉ះពាល់ដោយប្រយោលផងដែរ។
លោកបន្តថា មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨នេះ បានលើកឡើងយកមកពិភាក្សាជាអាទិភាពថា ប្រសិនបើសង្គ្រាមពាណិជ្ជកម្ម ររវាងសហរដ្ឋអាមេរិក និងចិន បើបង្កឲ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្ម បណ្តាប្រទេសនានានឹងរងផលប៉ះពាល់។
មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ផងដែរថា ភាពតានតឹងពាណិជ្ជកម្មនេះ និងអាចកាត់បន្ថយផលទុនជាតិ សរុបរបស់ពិភពលោកប្រមាណ១ភាគរយក្នុងរយៈពេល ២ឆ្នាំខាងមុខ ក្នុងនោះកាត់បន្ថយផ.ស.ស.ចិន១,៦ភាគរយ ផ.ស.ស.សហរដ្ឋអាមេរិក ១ភាគរយ និងផ.ស.ស.អាស៊ី០,៩ភាគរយផងដែរ។
លោកជា ចាន់តូបានបន្តថា ដោយឡែកតំបន់អាស៊ីអាគ្នេយ៍ អាចទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្ម ដោយសារការបង្វែរផលិតកម្មពីប្រទេសចិន មកក្នុងប្រទេសទាំងនេះ ដែលនឹងជំរុញដល់ការនាំចេញ។ ចំពោះប្រទេសកម្ពុជា យោងតាមការវិភាគរបស់ធនាគារពិភពលោក កម្ពុជាជាប្រទេសទី២បន្ទាប់ពីវៀតណាម បានស្ថិតក្នុងចំណោមប្រទេសចំនួន១២ប្រទេស ដែលមានឱកាសបង្កើនការនាំចេញទៅសហរដ្ឋអាមេរិក ជំនួសឱ្យការនាំចេញមួយផ្នែករបស់ចិនទៅសហរដ្ឋអាមេរិក ក្នុងស្ថានភាពដែលភាពតានតឹងពាណិជ្ជកម្មកើនឡើង៕