លោក​ជា ចាន់តូ៖ សេដ្ឋកិច្ចកម្ពុជា នឹងរង​ផលប៉ះពាល់​តិចតួច​ប្រសិនជា​សេដ្ឋកិច្ច​ចិនរង​ផលប៉ះពាល់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​លោក​ជា ចាន់តូ​បាន​ថ្លែងថា ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន​បន្ត​ឲ្យ​មាន​ឱនភាព​ផ្នែក​ពាណិជ្ជកម្ម ហើយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ចិន​ធ្លាក់ចុះ​ខ្លាំង នោះ​សេដ្ឋកិច្ចកម្ពុជា​ក៏​អា​ចរង​ផលប៉ះពាល់​ដោយ​ប្រយោល​ផងដែរ។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ​គូលែន​ទី៥ កម្រិត​មូលដ្ឋាន​ស្តីពី​ភាពជា​អ្នកដឹកនាំ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ថ្ងៃទី១៩ ខែតុលា​កន្លងមក​ថា

លោក​បន្តថា ការនាំចេញ​របស់​ប្រទេស​ក្នុង​តំបន់ ទៅកាន់​ប្រទេស​ចិន ត្រូវបាន​ព្យាករណ៍​ថា​នឹង​អាច​ថយចុះ ប៉ុន្តែ​កម្ពុជា​អាច​រង​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ ដោយសារ​កម្ពុជា​មិនមែន​ស្ថិតក្នុង​ចង្វាក់​ផលិតកម្ម​ចម្បង​របស់​ចិន ហើយ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​នៅមានកម្រិត​តិចតួច​នៅឡើយ ។ យ៉ាងណា​ម៉ិ​ញ ប្រសិនបើ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ធ្វើឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ខ្លាំង នោះ​សេដ្ឋកិច្ចកម្ពុជា ដែលមាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ចិន តាមរយៈ​ការវិនិយោគ​និង​ទេសចរណ៍ ក៏​អា​ចរង​ផលប៉ះពាល់​ដោយ​ប្រយោល​ផងដែរ។

លោក​បន្តថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ឆ្នាំ២០១៨នេះ បានលើកឡើង​យកមក​ពិភាក្សា​ជា​អាទិភាព​ថា   ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម រ​រវាង​សហរដ្ឋអាមេរិក និង​ចិន បើ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម បណ្តា​ប្រទេស​នានា​នឹងរង​ផលប៉ះពាល់។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ផងដែរ​ថា ភាព​តានតឹង​ពាណិជ្ជ​កម្មនេះ និង​អាច​កាត់បន្ថយ​ផលទុនជាតិ សរុប​របស់​ពិភពលោក​ប្រមាណ១ភាគរយ​ក្នុង​រយៈពេល ២ឆ្នាំ​ខាងមុខ ក្នុងនោះ​កាត់បន្ថយ​ផ.ស.ស.ចិន១,៦ភាគរយ ផ.ស.ស.សហរដ្ឋអាមេរិក ១ភាគរយ និង​ផ.ស.ស.អាស៊ី០,៩ភាគរយ​ផងដែរ។

លោក​ជា ចាន់តូ​បាន​បន្តថា ដោយឡែក​តំបន់​អាស៊ីអាគ្នេយ៍ អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម ដោយសារ​ការ​បង្វែរ​ផលិតកម្ម​ពី​ប្រទេស​ចិន មក​ក្នុងប្រទេស​ទាំងនេះ ដែល​នឹង​ជំរុញ​ដល់​ការនាំចេញ។ ចំពោះ​ប្រទេស​កម្ពុជា យោងតាម​ការវិភាគរ​បស់​ធនាគារពិភពលោក កម្ពុជា​ជា​ប្រទេស​ទី២បន្ទាប់ពី​វៀតណាម បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន១២ប្រទេស ដែលមាន​ឱកាស​បង្កើន​ការនាំ​ចេញទៅ​សហរដ្ឋអាមេរិក ជំនួស​ឱ្យ​ការនាំចេញ​មួយផ្នែក​របស់​ចិន​ទៅ​សហរដ្ឋអាមេរិក ក្នុងស្ថានភាព​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​កើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here