ដោយ៖ សុផារី
អាមេរិក៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមព្រៀងគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ ពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ ជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
សម្ដេចតេជោ បានថ្លែងថា សម្ដេចទើបតែបានព្រមព្រៀង ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លើការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសឡើងវិញ បន្ទាប់ពីផ្អាក ដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈកម្ពុជាក៏បានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។
សម្ដេចតេជោបានថ្លែងថា “អម្បាញ់មិញ ខ្ញុំបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីវៀតណាម ខ្ញុំគ្រាន់តែសំណូមពរទៅគាត់ថា ឥឡូវ យើងគួរតែបើកទេសចរណ៍ផ្លូវគោកឡើងវិញ ចម្លើយរបស់គាត់តបមកវិញថា គាត់សុំស្នើបើកទាំងផ្លូវគោក និងផ្លូវអាកាសថែមទៀត ខ្ញុំថា ខ្ញុំឯកភាព”។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បច្ចុប្បន្ននេះ ប្រសិនបើប្រជាជនខ្មែរនៅបរទេស ឬក៏ជនជាតិបរទេសចង់ទៅប្រទេសកម្ពុជា ទី១មិនតម្រូវឱ្យធ្វើតេស្ត PCR រយៈពេល៧២ម៉ោងមុននោះទេ ទី២ សម្រាប់អ្នកចាក់វ៉ាក់ពេញលេញ គឺមិនតម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ឡើយ នៅពេលទៅដល់ប្រទេសកម្ពុជា ដោយគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំងទៅបានហើយ ទី៣សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។
សម្ដេចតេជោបានណែនាំ ទៅកាន់រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសទាំងពីរ ត្រូវពិភាក្សាអំពីលក្ខខណ្ឌឆ្លងកាត់ចេញចូលឱ្យបានច្បាស់លាស់ ពិសេសគឺ ត្រូវដឹងថា ប្រសិនបើអ្នកដំណើរចេញពីកម្ពុជាចូលវៀតណាម តើខាងវៀតណាមតម្រូវលក្ខខណ្ឌអ្វីខ្លះ? តើត្រូវការតេស្ត PCR រយៈពេល៧២ម៉ោងមុនទេ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើចត្តាឡីស័កទេ? ប្រសិនបើធ្វើ តើធ្វើប៉ុន្មានថ្ងៃ? នៅពេលទៅដល់វៀតណាម តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR ដែរទេ? ដែលទាំងនេះជាចំណុចសំខាន់ ចំពោះការបើកទេសចរណ៍ឡើងវិញ។
សម្ដេចតេជោបានបន្តទៀតថា ទោះបីលក្ខខណ្ឌខាងភាគីវៀតណាមតឹងរឹង ដែលប្រជាជនកម្ពុជា មិនសូវចេញទៅវៀតណាម ប៉ុន្តែភ្ញៀវទេសចរខាងវៀតណាម នឹងចូលមកកម្ពុជាដែរ ហើយកម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសបន្ថែមទៀត៕