រដ្ឋាភិបាលដាក់សម្ពោធឱ្យប្រើប្រាស់មជ្ឈមណ្ឌល​ទិន្នន័យតម្លៃជាង១លានដុល្លារអាមេរិក

0

ដោយ៖​ សុផារី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅថ្ងៃទី១៦​ ខែឧសភានេះ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ “មជ្ឈមណ្ឌល​ទិន្នន័យ​“(Data Center) ដែលមានតម្លៃជាង១លានដុល្លារអាមេរិក សម្រាប់រក្សានិងគ្រប់គ្រងនូវ​ទិន្នន័យ ព័ត៌មាន​ទាំងឡា​យ​របស់​ក្រសួ​ង​សម្រា​ប់​រយៈ​ពេ​ល​ខ្លី និងរយៈពេលវែង។

ពិធីសម្ពោធ​ “មជ្ឈមណ្ឌល​ទិន្នន័យ​“(Data Center)” នេះមានការចូលរួមពីដំណាក់លោកបណ្ឌិ​ត ចម​ ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​។

មជ្ឈមណ្ឌលទិន្នន័យ (Data Center) ត្រូវបានសាងសង់ដោយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd) ដោយចំណាយថវិកាជាតិក្នុងឆ្នាំ២០២១ ចំនួន៤ពាន់៦៥លានរៀល ស្មើនឹងប្រមាណ១លានដុល្លារអាមេរិក នៃកញ្ចប់ថវិកាគម្រោងវិនិយោគផ្ទាល់។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា “ក្នុងយុគសម័យនៃការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់ ពីព្រោះជាទីតាំងប្រមូលផ្តុំឯកសារ ងាយស្រួលស្វែងរក សម្រាប់ម្រូវការសិក្សាស្រាវជ្រាវ រៀនសូត្រ ហើយក៏ជាមជ្ឈមណ្ឌលរក្សាសុវត្ថិភាពទិន្នន័យបានជាសង្ងាត់ និងយូរអង្វែងផងដែរ”។

បណ្ឌិត  ចម ប្រសិទ្ធ បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលទិន្នន័យនេះ មានសារៈសំខាន់ណាស់សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០ឆ្នាំ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត។ ទោះបីសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យអាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល៣ឆ្នាំក៏ដោយ តែយើងអាចពង្រីកសមត្ថភាពរបស់វាជាបន្តបន្ទាប់ទៀត តាមធនធានដែលយើងមាន”។

លោក សឺន​ សូថា​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជាអគ្គនាយក​​កិច្ចការទូទៅ​ នៃ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានឱ្យដឹងថា​ សមត្ថភាព​របស់មជ្ឈមណ្ឌលទិន្នន័យនាពេលបច្ចុប្បន្ន អាចធានា​ និងឆ្លើយតប​នឹងតម្រូវការ​របស់ក្រសួង​បានយ៉ាងហោច​៣ឆ្នាំ​ទៅមុខទៀត​។

លោកបញ្ជាក់ថា មជ្ឈមណ្ឌល​ទិន្នន័យ​នេះ​ ត្រូវ​បាន​រៀបចំជាពីរផ្នែក​ ទី១-បរិក្ខា​គាំទ្រ​មជ្ឈមណ្ឌល​ទិន្នន័យ​ដែលត្រូវបានរចនា​ និងរៀបចំឡើង ដើម្បី​ធានាដំណើរការប្រកបដោយប្រសិទ្ធ​ សុពលភាព​ និងសុវត្ថភាពរបស់ឧបករណ៍​ ទី២-ផ្នែក​ឧបករណ៍​ព័ត៌មាន​វិទ្យា​ ដែលមាន​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​មានលក្ខណៈ​បច្ចេកវិទ្យាចុងក្រោយ​ និងកម្មវិធីសម្រាប់ត្រួតពិនិត្យ​ប្រតិបត្តិការរបស់​ឧបករណ៍​ទាំង​នេះ​ និងការរក្សាទុកទិន្នន័យ​ ដើម្បីធានា​ឲ្យបាន​នូវ​ប្រសិទ្ធភាព​ និងនិរន្តរ​ភាពនៃការផ្តល់សេវា​ឌីជីថល​ ជូនសាធារណៈជន​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here